អូនយ៉ា អូនក្តិប និង ស្រីចុប ចាប់ផ្តើមមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនតាមរយៈការសម្ដែងកំប្លុកកំប្លែង
ធ្លាប់តែជាក្មេងដែលពុំសូវមាននរណាស្គាល់ និង តែងមើលរំលងពីសមត្ថភាព តែពេលនេះ អូនយ៉ា អូនក្តិប និង ស្រីចុប ចាប់ផ្តើមមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រពីសំណាក់មហាជនតាមរយៈការសម្ដែងកំប្លុកកំប្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា Tik Tok ដែលតែងធ្វើឱ្យអ្នកទស្សនារំសាយអារម្មណ៍ និង មានតែសំណើចសើចក្អាកក្អាយ។
ជាមួយនឹងមានការគាំទ្រច្រើននេះ ក៏ដោយសារតែទេពកោសល្យ និង ភាពកំប្លុកកំប្លែងដែលមានតាំងពីកំណើតរបស់ពួកគេនីមួយៗ។ ដ្បិតថាជាក្មេងមានជីវភាពមិនធូរធារដូចគេក៏ពិតមែន តែសង្កេតឃើញ អូនយ៉ា អូនក្តិប និង ស្រីចុប ខិតខំលើវិថីសិល្បៈខ្លាំងណាស់រហូតធ្វើឱ្យពេលនេះពួកគេមានការស្រឡាញ់ពីសំណាក់បងប្អូនខ្មែរច្រើន ជាពិសេសបច្ចុប្បន្នអ្នកទាំងបីក៏មមាញឹកនឹងការងារផងដែរ។
គេចាំបានថាកាលពុំទាន់មានអ្នកស្គាល់ អូនយ៉ា ត្រឹមជាក្មេងប្រុសម្នាក់ដែលរស់នៅជាមួយឪពុកម្តាយដែលរកព្រឹកខ្វះល្ងាចប៉ុណ្ណោះ តែពេលនេះមានជីវភាពធូរមួយកម្រិត។ សម្រាប់ អូនក្តិប វិញ ជាក្មេងម្នាក់មានអត្តចរិតល្អ តែងជួយឪពុកម្តាយលក់ចង្រិតបំពងតាមចិញ្ចើមថ្នល់ តែសព្វថ្ងៃប្រែជាមានឈ្មោះបោះសំឡេង និង ឈានចូលក្នុងវិថីសិល្បៈកាន់តែជ្រៅ។ ដោយឡែក សម្រាប់ ស្រីចុប ឬ មហាជនតែងហៅថា កាចុបៗ ដំបូងជាក្មេងស្រីម្នាក់ដែលធ្លាប់រងការរិះគន់ សើចចំអករូបសម្រស់ ដោយពេលនេះមហាជនបានឃើញពីសមត្ថភាពនាងគឺមានតែពាក្យសរសើរច្រើនជាងបង្អាប់៕