អគ្គិភ័យឆេះរោងចក្រមួយកន្លែង ស្រុកស្អាង សមត្ថកិច្ចប្រើប្រាស់ទឹកអស់២៣ឡាន ទើបគ្រប់គ្រងបានទាំងស្រុង

(កណ្ដាល)៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងចក្រកាត់ដេរ លីអនលី ដែលមានទីតាំងស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដោយឆេះឃ្លាំងស្ដុកកាតុង ទំហំ២៥ម៉ែត្រ គុណ៣៥ម៉ែត្រ។

ក្រោយទទួលព័ត៌មាននេះ កម្លាំងសមត្ថកិច្ចរបស់ខេត្តកណ្ដាល ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្ត លោក ណុប ដារ៉ា អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដឹកនាំដោយលោក គឹម វីរៈ អគ្គលេខាធិការ ចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១៣គ្រឿង និងទឹកអស់ចំនួន២៣ឡាន ក្នុងនោះរួមមាន រថយន្ដនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន៣គ្រឿង, ក្រុងស្រុក៤គ្រឿង (ស្អាង, កោះធំ, កណ្តាលស្ទឹង និងកៀនស្វាយ) និងរថយន្ដដឹកសម្ភារៈចំនួន២គ្រឿង។
ដើមចមដែលនាំដោយមានគ្រោះថ្នាក់សង្គមមួយនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ប៉ុន្ដែទោះជាយ៉ាងណា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង