ឥណ្ឌា ត្រៀមដាក់លក់ថ្នាំគ្រាប់ទប់ស្កាត់ការកកើតជំងឺមហារីក ក្នុងតម្លៃត្រឹមជាង ១ ដុល្លារ

តាមការចេញផ្សាយពីសារព័ត៌មាន The Economic Times បានឱ្យដឹងថា វិទ្យាស្ថាន TATA នាទីក្រុង Mumbai ប្រទេសឥណ្ឌា បានបង្កើតថ្នាំគ្រាប់មួយប្រភេទ ដែលអាចបញ្ចៀសការកកើតនៃជំងឺមហារីក និង ថែមទាំងអាចជួយកាត់បន្ថយបញ្ហាប្រតិកម្មនៃការព្យាបាលមហារីក បានដល់ ៥០%។ តាមឱ្យដឹង ថ្នាំប្រភេទនេះគឺទទួលបានផលវិជ្ជមានល្អ ក្រោយការស្រាវជ្រាវជាងមួយទសវត្សរ៍មកនេះ។

ថ្នាំប្រភេទថ្មី R+Cu នេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា សារធាតុ resveratrol និង ទង់ដែង ដែលអាចជួយបង្កើតរ៉ាឌីកាល់អុកស៊ីហ្សែនប្រឆាំងនឹងមហារីក។ ពួកវា ជួយទប់ស្កាត់កោសិកាងាប់មិនឱ្យប្រែកោសិកាដែលល្អទៅជាជំងឺមហារីកបាន និយាយរួម ជួយទប់ស្កាត់មិនឱ្យជំងឺមហារីកកកើតឡើងវិញបាន។

បើតាមអ្នកស្រាវជ្រាវបានឱ្យដឹងថា ថ្នាំគ្រាប់ប្រភេទថ្មីនេះ អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីកលំពែង សួត និង មាត់។ គួរបញ្ជាក់ថា ថ្នាំ R+Cu នេះ បច្ចុប្បន្នកំពុងរង់ចាំការអនុម័តទទួលស្កាល់ពីខាងអាជ្ញាធរសុវត្ថិភាព និង ស្ដង់ដារចំណីអាហារប្រចាំប្រទេសឥណ្ឌា (FSSAI) ហើយរំពឹងថានឹងដាក់លក់លើទីផ្សារក្នុងចន្លោះខែមិថុនា-កក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ក្នុងតម្លៃត្រឹម ១០០ រ៉ូពី (ប្រមាណ ១.២ ដុល្លារ)៕

អត្ថបទដែលជាប់ទាក់ទង