សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាចង់ដកដង្ហើមដោយខ្លួនឯង ម្ចាស់ការខ្លួនឯងលើការផលិត និងកសាងសមិទ្ធផលធំៗ តែមិនបោះបង់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍឡើយ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាចង់ដកដង្ហើមដោយខ្លួនឯង ម្ចាស់ការខ្លួនឯងលើការផលិតនិងកសាងសមិទ្ធផលធំៗ ដូចជាផ្លូវល្បឿនលឿន ផ្លូវក្រោមដី ហេដ្ឋរចនាសម្ពន្ធធំៗផ្សេងៗទៀត តែក៏មិនបោះបង់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍខាងក្រៅឡើយ។
ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា សម្ដេចចង់បានណាស់នូវផលិតផល និងការដកដង្ហើមលើគ្រប់វិស័យដោយខ្លួន តែក៏មិនបោះបង់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍខាងក្រៅឡើយ ដូច្នេះគ្រប់ភាគីរដ្ឋ និងឯកជនក្នុងប្រទេសត្រូវតែពង្រឹងសមត្ថភាពផ្ទៃក្នុង ដើម្បីឈានដល់ភាពម្ចាស់ការលើការកសាងសមិទ្ធផលធំៗដោយខ្លួនឯង។
សម្ដេចធិបតីបានរំឭកនូវពាក្យពេចន៍ដែលបាននិយាយជាមួយឯកអគ្គរដ្ឋទូនចិនប្រចាំកម្ពុជាថា «ថ្ងៃក្រោយ កម្ពុជានឹងមានសមត្ថភាពធ្វើហេដ្ឋារចនាសម្ពន្ធ ផ្លូវល្បឿងលឿនលើដី ផ្លូវក្រោមដី ហើយធ្វើដោយក្រុមហ៊ុនខ្មែរ កូនខ្មែរ, នេះជាមហិច្ចតារបស់ខ្ញុំ»។
សម្ដេចធិបតីបានបន្តថា កាលពីឆ្នាំ១៩៩០ជាង មានជំនាញការពីធនាគារពិភពលោក (World Bank) មកជួយសរសេរគោលនយោបាយឱ្យកម្ពុជា តែឥឡូវនេះកម្ពុជាអាចធ្វើការងារនេះដោយខ្លួនឯងហើយ សមត្ថភាពកូនខ្មែរអាចធ្វើអគារច្រើនជាន់ ធ្វើស្ពានឆ្លងទន្លេ នៅឡើយតែផ្លូវក្រោមដី តែយ៉ាងណាត្រូវតែពង្រឹងសមត្ថភាពធ្វើឱ្យបាននៅថ្ងៃក្រោយ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីចង់ឱ្យរយៈពេល៥ឆ្នាំនេះជាពេលកសាងគ្រឹះគោលនយោបាយបញ្ចកោណឱ្យបានរឹងមាំ ហើយពេលបន្តទៅទៀតនឹងខិតខំអនុវត្តឱ្យបានល្អ ដើម្បីឱ្យកម្ពុជាអាចដកដង្ហើមខ្លួនឯងលើគ្រប់វិស័យ ម្ចាស់ការខ្លួនឯងដោយទំនុកចិត្ត៕