លោក អ៊ឹម ជីវ៉ា ប្រកាសឈរឈ្មោះធ្វើជាប្រធានសមាគមសិល្បៈដែរ
ពិតណាស់ ស្របពេលសមាគមសិល្បៈខ្មែរប្រកាសត្រៀមធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី និង មានការគាំទ្រជំរុញលើកទឹកចិត្តពីមហាជន ព្រមទាំងអ្នកក្នុងសិល្បៈជាច្រើន ឃើញថាមានសិល្បករ-ការិនីមានបទពិសោធន៍លើវិស័យសិល្បៈ ក៏ដូចជាបុគ្គលល្បីៗប៉ុន្មានរូប បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈខ្មែរអាណត្តិថ្មីនេះបន្តបន្ទាប់ផងដែរ។
ក្នុងនោះដែរ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះសារប្រកាសឈរឈ្មោះជាបេក្ខភាពមួយរូបក្នុងការបោះឆ្នោតជ្រើសរើសក្លាយជាប្រធានសមាគមសិល្បៈខ្មែរដែរ ដោយភ្ជាប់ជាមួយប្រវត្តិរូបដ៏សកម្មក្នុងវិស័យសិល្បៈ ព្រមទាំងការប្ដេជ្ញាចិត្តយ៉ាងមោះមុតចំពោះតំណែងមួយនេះ ទោះបីខ្លួនកំពុងជាប់ដៃមើលថែបងប្រុសដែលឈឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សារនោះ លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា ៖ «ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមប្រកាសថានឹងឈរឈ្មោះជាបេក្ខភាព ជាប្រធានសមគមសិល្បករខ្មែរថ្មី ខ្ញុំស្ម័គ្រចិត្តចូលរួមប្រកួតប្រជែងជាមួយបងប្អូនបុគ្គលល្បីៗខ្លាំងៗ បើទោះដឹងថាជាប់ ឬ មិនជាប់ក៏ខ្ញុំបានវិលសាជាថ្មី ចូលរួមបម្រើជាមួយសមាគមមួយនេះ ព្រោះខ្ញុំនៅតែមានបេះដូងជួយ ទោះខ្ញុំមិនមែនជាសេដ្ឋីឬជាឧកញ៉ា តែខ្ញុំប្រើបេះដូងពិតជួយដល់សមាគមមួយនេះ ជាពិសេសជួយឱ្យទាន់ពេលវេលា និង សេចក្តីត្រូវការរបស់សិល្បៈ មិនមែនឈឺបានជូនលុយ មិនមែនស្លាប់បានយកលុយចូលបុណ្យ គឺត្រូវរកការងារឱ្យសិល្បៈធ្វើ ចំណែកឯសិល្បៈ ជើងចាស់ ពិសេសសិល្បៈជនពិការ ត្រូវលើកឡើងជាអទិភាពនៃសមគមសិល្បករខ្មែរអាណត្តិថ្មីនេះ។
+ ប្រវត្តិរូប
អ៊ឹម ជីវ៉ា កើតថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨១ កើតនៅស្រុកគីរីវង្ស ខេត្តតាកែវ ឪពុកអ្នកខេត្តតាកែវ ម្តាយអ្នកស្រុកនៅខេត្តព្រះត្រពាំង ខ្មែរក្រោម
+ ប្រវត្តិសិក្សា៖
– បញ្ចប់ការសិក្សារនៅសាលាបឋមសិក្សារវត្តនាគវ័ន្ត
– បញ្ចប់ការសិក្សានៅវិទ្យាល័យឥន្ទ្រទេវី
– បញ្ចប់បរិញ្ញាបត្រច្បាប់នៅសកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈ
– បញ្ចប់បរិញាបត្រនៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច
– បញ្ចប់បរិញាបត្រផ្នែកគ្រប់គ្រង និង ទំនាក់ទំនង នៅសកលវិទ្យាល័យចំរើនពុបច្ចេកវិទ្យា
– បញ្ចប់រៀននៅសាលាជំនាញផ្នែកសារព័ត៌មាននៅសាលាព័ត៌មានប្រទេសថៃ
– បញ្ចប់រៀនជំនាញផ្នែកសារព័ត៌មាននៅទីក្រុងព្រែនរគប្រទេសវៀតណាម
+ ប្រវិត្តការងារខ្លះៗ៖
– 2001 ដល់ 2015 អតីតជាប្រធានក្លិបបង្ហាត់បណ្តុះបណ្តាលជំនាញសិល្បៈមានឈ្មោះថា ក្លិបសិល្បៈ អ៊ឹម ជីវ៉ា
– ឆ្នាំ 2003 ដឹកនាំសិល្បៈចេញឃោសនាបោះឆ្នោតតាមខេត្តនានាជូនគណបក្សប្រជាជនកម្ពុជា
– 2006 ជាប្រធានសិល្បៈនៃសមាគមនិស្សិតនៃសកលវិទ្យាល័ភូមិន្ទនិតិសាស្ត្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ចហៅកាត់ ថា RULE
– ឆ្នាំ 2008 ដឹកនាំក្រុមសិល្បៈឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនតាមបណ្តាខណ្ឌ និង ខេត្តនានា
– 2008 ដល់ 2013 ជាពិធិករទូរទស្សន៍ អប្សរាប៉ុស្តិលេខ ១១ ជាពិធីករប៉ុស្តិ ៥ ជាពិធីករប៉ុស្តអាសុីអាគ្នេយ៍
– 2012 ទីសម្តែងសិល្បៈជូនកងទ័ពនៅតំបន់ប្រសាទព្រះវិហារ និង តំបន្តប្រាសាទតាមាន់ និងភ្នំទ្រព្យ
– 2013 ដឹកនាំសិល្បៈឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជននៅតាមតំបន់នានានៃរាជធានីភ្នំពេញ ពិសេសខណ្ឌមានជ័យ ជំនាន់អតីតឯឧត្តម គួចចំរើន ជាភិបាលខណ្ឌមានជ័យ
– 2013 ដល់ 2014 ជាជំនួយការមេធាវីនៅក្លិបមេធាវី លុច
– 2014 ដល់ 2015 ជាអគ្គលេខាធិការរងនៃអង្គការច្បាប់កម្ពុជា
– 2013 ដល់ 2020 ជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ
– 2018 ដឹកនាំសិល្បៈ ការឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និង រៀបចំតុបតែងឡានក្បួនសិល្បៈឃោសនាចំនួនដូចជា ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងចូលរួមឃោសនាតាមបណ្តាខណ្ឌនានា។
– 2023 ក៏មានសកម្មភាពដឹកនាំសិល្បៈក្នុងយុទ្ធនាការឃោសសាបោះឆ្នោតជូនគណបក្សប្រជាជនដដែល
– 2013 ដល់ 2024 ជាចាងហ្វាងសារព័ត៌មានសិល្បករកម្ពុជាដែលហៅកាត់ថា CAS NEWS
– ធ្លាប់ដឹកនាំសិល្បៈសម្តែងក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាវៀតណាម
– ធ្លាប់ដឹកនាំសិល្បៈសម្តែងក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាថៃ
នៅមានបន្តទៀតតែសូមកាត់ខ្លីៗប៉ុណ្ណឹងសិនចុះ។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរព អ៊ឹម ជីវ៉ា»៕