សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រើធម៌ក្តៅមន្ត្រីរាជការស៊ីវិល រកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខណ្ឌ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសប្រើធម៌ក្តៅជាមួយមន្ត្រីរាជការស៉ីវិល ប្រសិនបើរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដូចគ្នានឹងកម្លាំងប្រដាប់អាវុធដែរ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «មិញខ្ញុំទើបស៉ីញ៉ែបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លាតនូវការអនុវត្តទូទាំងរាជរដ្ឋាភិបាលតែម្តង បានន័យថាមន្ត្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌអត់ទុកទេ»។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការដាក់ចេញបទបញ្ជាថ្មីនេះ ដើម្បីឱ្យស្មើភាពគ្នារវាងកម្លាំងប្រដាប់អាវុធ (នគរបាល និងយោធា) និងមន្ត្រីរាជការស៉ីវិល ក្នុងការពង្រឹងវិន័យ និងការអនុវត្តការងារ ដែលក្លាយជាគំរូល្អ សម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតីបានគាំទ្រឱ្យមានការចែករំលែកទិន្នន័យរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ អំពីមន្ត្រីដែលពាក់ព័ន្ធល្មើសគ្រឿងញៀន ហើយត្រូវបានបណ្តេញចេញពីក្របខណ្ឌ ជៀសវៀងការលុបចោលក្របខណ្ឌនៅក្រសួងនេះ តែបែរជាអាចទៅបំពេញការងារ នៅក្រសួងផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង