បញ្ជូនជនសង្ស័យ៣នាក់ ជាបុគ្គលិកកាស៊ីណូ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី
ខេត្តបន្ទាយមានជ័យយ៖ បុគ្គលិកកាស៊ីណូ៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
ដោយទទួលបានព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថា មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ ថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុហើយបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ ១-ឈ្មោះ សូឆាត អនរ៉ាឈុល ហៅត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ,២-ឈ្មោះ ផុងសាកន ក្វាន់អ៊ួន ហៅទឺន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត , ៣-ឈ្មោះ ប៉ាន់យ៉ា ដេតសុផា ហៅសៃហ្វា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ១-គ្រឿងញៀនប្រភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,០២ក្រាម, ២-ទូរស័ព្ទ ចំនួន០៤គ្រឿង (ម៉ាកOPPO ពណ៌ខ្មៅ, ម៉ាកVIVO ពណ៌ខ្មៅ, ម៉ាកSAMSUNG ពណ៌ខ្មៅ, ម៉ាកIPHONE13 ពណ៌បៃតងចាស់), ៣-នាឡិកាដៃចំនួន០២គ្រឿង, ៤-ខ្សែដៃលោហធាតុពណ៌ស ចំនួន០១, ៥-ខ្សែកប្រភេទខ្សែពណ៌ខ្មៅ មានបណ្តោងរូបព្រះចំនួន០២ខ្សែ,៦ -កាបូបស្ពាយ ចំនួន០១ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនខាងលើមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពរួមនឹងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
បង្ក្រាបករណីនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕