កំលោះតូច លីម តិចម៉េង ហាក់ខកចិត្តនឹងសំណួរមួយចំនួន ពេលលោកជិះកង់បីទៅផ្ទះ
តារាចម្រៀង លីម តិចម៉េង ដែលគេនិយមហៅថា កំលោះតូច ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា រូបគេគឺជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៣។
កាលពីពេលថ្មីៗនេះ កំលោះតូច លីម តិចម៉េង រៀបរាប់នូវហេតុការណ៍គួរឱ្យចាប់អារម្មណ៍មួយ ខណៈរូបគេកំពុងជិះកង់បីទៅផ្ទះ ហើយក៏មានសំណួរមួយចំនួន បានសួរមកកាន់តារាចម្រៀងប្រុស លីម តិចម៉េងថា៖ «ហេតុអ្វីមិនជិះឡាន?» កំលោះតូច លីម តិចម៉េង ក៏ឆ្លើយតបទៅវិញថា៖ «ឡានខ្ញុំនៅដាក់ធ្វើមិនទាន់ហើយ» ព្រមទាំងសួរបន្ថែមទៀតថា៖ «ហេតុអ្វីមិនខ្ចីឡានភិទិ ឬ បងប្អូន Top 4 យកមកជិះសិន ព្រោះយើងជាតារាល្បី» តិចម៉េង ក៏បានប្រាប់ថា៖ «នោះមិនមែនជារឿងចាំបាច់សម្រាប់ខ្ញុំទេ»។
ក្រោយទទួលបានសំណួរបែបនេះ តារាចម្រៀង លីម តិចម៉េង ក៏បានបង្ហោះសារយ៉ាងវែងនៅក្នុងគណនីផេកផ្លូវការណ៍របស់ខ្លួនថា៖ «សំណួរទាំងនេះសួរនៅលើផ្លូវ ៣៧១ ពូម្ចាស់កង់បីបើកភ្នែកធំៗមើលមុខខ្ញុំ អាណិតខ្ញុំ ហើយខ្ញុំប្រាប់គាត់វិញថា អ្នកដែលគួរឱ្យអាណិត គឺពួកគាត់ទៅវិញទេ មិនមែនខ្ញុំទេ ព្រោះតម្លៃពិតប្រាកដដែលខ្ញុំមាន គឺមិនមែនស្ថិតលើរបស់ថ្លៃៗណាមួយដែលខ្ញុំមាននោះទេ ខ្ញុំបានស្កប់ស្កល់ចំពោះខ្លួនឯងរួចទៅហើយ អ្វីដែលមានតម្លៃសម្រាប់ខ្ញុំ គឺគុណធម៌»។
កំលោះតូច លីម តិចម៉េង បានបន្តទៀតថា៖ «រឿងរ៉ាវជាច្រើនដែលខ្ញុំបានជួបផ្ទាល់ បានបញ្ជាក់ប្រាប់ខ្ញុំថា សីលធម៌ គុណធម៌ ការយល់ដឹងរបស់បងប្អូនខ្មែរយើងមួយចំនួននៅមានភាពទន់ខ្សោយ គួរឱ្យសង្វេគ ត្រូវចេះស្កប់ស្កល់ យល់ពីតម្លៃពិតនៃពាក្យថាមនុស្ស ទើបអាចធ្វើជាមនុស្សបាន»៕