ព្រះនាងតូច ចេនណា បង្ហាញការពេញចិត្ត និង សរសើរខ្លាំងចំពោះ ឆម ស្រីផាច ពេលទ្រង់យាងទៅដល់ខេត្តបន្ទាយមានជ័យ

ពិតណាស់ មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវយុវតីខ្មែរមួយរូបមានឈ្មោះ ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ និយាយរដឺនៗ និយមធ្វើមាតិកាវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកតាមដានរាប់លាននាក់។

យ៉ាងណាមិញ ក្រៅពីចាប់អារម្មណ៍វីដេអូនៃការធ្វើម្ហូបបែបស្រុកស្រែរបស់នាង ឃើញថា ស្រីផាច ក៏កាន់តែធ្វើឱ្យមហាជនស្រឡាញ់ចូលចិត្តទ្វេដង ខណៈអ្នកផលិតមាតិកាវីដេអូរូបនេះ តែងតែធ្វើម្ហូបឆ្ងាញ់ៗ ចែកជូនក្មេងៗក្នុងភូមិទទួលទានទៀតផង ដែលជាសកម្មភាពដ៏ប្រពៃ និងគួរឱ្យស្ងើចសរសើរបំផុត។

ដោយឡែក មិនត្រឹមតែឆក់បានការស្រឡាញ់ពេញចិត្តពីមហាជនអ្នកលេងបណ្ដាញសង្គមនោះទេ ឃើញថាអ្នកផលិតមាតិកាវីដេអូធ្វើម្ហូបដ៏ល្បីរូបនេះ ថ្មីៗនេះ ក៏ត្រូវបានព្រះនាងតូចនរោត្តម ចេនណា បង្ហាញព្រះទ័យស្រឡាញ់ពេញចិត្ត និង សរសើរខ្លាំងចំពោះកញ្ញា រហូតបានឃើញទ្រង់យាងទៅជួបដោយផ្ទាល់ដល់ខេត្តបន្ទាយមានជ័យទៀតផង។

លើសពីនេះ ក្រោយពីបានយាងជួបដោយផ្ទាល់នឹងអ្នកផលិតមាតិកាវីដេអូបែបស្រុកស្រែរូបនេះ ព្រះនាងតូចនរោត្តម ចេនណា ក៏បានបង្ហាញព្រះទ័យស្ងើចសរសើរខ្លាំងថា ៖ «ខ្ញុំពិតជាគោរពស្រឡាញ់ បងស្រី ផាច មែនទែន បានឃើញថាការងារបង្កើតវីដេអូរបស់គាត់ម្តងៗ ពិតជាពិបាកណាស់មិនងាយស្រួលដូចដែលយើងធ្លាប់បានឃើញទេ ពិតជាចំណាយទាំងកម្លាំង និង ពេលវេលាច្រើន ខ្ញុំសូមកោតសរសើរគាត់ដោយស្មោះ ចំពោះទឹកចិត្តរបស់គាត់ដែលបានខិតខំជួយលើកកម្ពស់ម្ហូបខ្មែរយើង»៕

អត្ថបទដែលជាប់ទាក់ទង