ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុបច្ចុប្បន្នល្អ ស្របពេលដែលយុទ្ធនាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា២០២៤នេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុបច្ចុប្បន្ន ល្អ។ ល្អនៅត្រង់ថា អាជ្ញាធរនិងសមត្ថកិច្ចចំរុះដែលដាក់កម្លាំងត្រួតពិនិត្យតាមដងផ្លូវ ពិសេសនៅពេលយប់ មិនរកឃើញមានបទល្មើសដូចជា អាវុធជាតិផ្ទុះ ឬការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់មួយករណីណាឡើយ បើគិតរយៈពេលជិតមួយខែចុងក្រោយនេះ។
ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុបច្ចុប្បន្នល្អ ស្របពេលដែលយុទ្ធនាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ ធ្វើជាប្រចាំតាមក្រុងនិងស្រុកក្នុងខេត្តព្រះសីហនុ ដើម្បីបម្រើឲ្យការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគនិងអ្នកទេសចរណ៍។
លទ្ធផលនេះបានបង្ហាញពេលកម្លាំងចុះត្រួតពិនិត្យតាមគោលដៅនានា ក្នុងភូមិសាស្ត្រក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ក្នុងនោះមួយយប់ៗ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តចំរុះរាប់រយគ្រឿង មានប្រភេទរថយន្តតូច-ធំ និងម៉ូតូជាដើម ។
សូមបញ្ជាក់ថា នៅក្នុងគោលនយោបាយយុទ្ធសាស្ត្រឈានទៅអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត កាលពីពេលថ្មីកន្លងទៅនេះ ក្រៅពីនិតិវិធីរដ្ឋបាលនិងបច្ចេកទេសមួយចំនួន សម្តេចធិបតី ក៏សង្កត់ធ្ងន់ទៅលើយន្តការការពង្រឹង និងរក្សាសន្តិសុខ ជាចំណុចសំខាន់ផងដែរ៕