បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចទូរស័ព្ទ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធនឹងករណីលួចទូរសព្ទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីឆាយហាក់ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យមានឈ្មោះ រ៉េម បាត់ ភេទប្រុស ជនជាតិថៃ អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច(ទូរសព្ទ) ដែលប្រព្រឹត្តកាលវេលាម៉ោង០៦និង៤៧នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងឈ្មោះ ទួន ឃឹម ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កាលពីវេលាកេីតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរសព្ទដៃម៉ាក អាយហ្វូន12 ពណ៌ខ្មៅ ចំនួន០១គ្រឿង របស់ជនរងគ្រោះ ដោយជនសង្ស័យ បានមកទិញស្រាបៀរគ្រុឌចំនួន០២កំប៉ុង ពីហាងរបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះទៅយកស្រាមកលក់ ស្រាប់តែជនសង្ស័យបានលួចយកទូរសព្ទទៅបាត់។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាងទូរសព្ទ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកវត្ថុតាងទូរសព្ទ ត្រូវបានម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនម្ចាស់វិញហេីយ៕

អត្ថបទដែលជាប់ទាក់ទង