ជនជាតិចិន២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន
ព្រះសីហនុ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។
យោងតាមសេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា ជនជាតិចិនទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង៥លាននាក់។
វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេងកម្សាន្ដនៅខេត្ដទេសចរណ៍មួយនេះតែម្ដង ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ពោលពួកគេគ្រាន់តែធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។
ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រើឲ្យការថតវីដេអូមួយចំនួនទៀតផងដែរ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីហេតុការណ៍ដែលពួកគេបានបង្កើតឡើង ក៏ដូចជាបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ចំពោះជនសង្ស័យទាំង២នាក់នេះ។