ក្រោយផ្ទុះការរិះគន់ តារាកំប្លែង នាយគ្រឿន លើកដៃសំពះប្រកាសឈប់ទទួលថតផ្សព្វផ្សាយល្បែងស៊ីសង និង ស្រាគ្រប់ប្រភេទ(វីដេអូ)
កាលពីប៉ុន្មានថ្ងៃមុន តារាកំប្លែង នាយគ្រឿន បានរងព្រនង់រិះគន់ដូចទឹកបាក់ទំនប់ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បន្ទាប់ពីឃើញវីដេអូលោកថតផ្សព្វផ្សាយឱ្យក្រុមហ៊ុនមួយ ពាក់ព័ន្ធនឹងល្បែង Online ដែលសកម្មភាពរបស់តារាកំប្លែងប្រុសរូបនេះ បានធ្វើឱ្យមហាជនខកចិត្តយ៉ាងខ្លាំង ព្រោះពួកគេយល់ថាជាទង្វើនេះហាក់មិនបានផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិ តែផ្ទុយទៅវិញបែរជាបំផុសឱ្យមានការលេងល្បែងស៊ីសង។
បន្ទាប់ពីទទួលរងនូវព្យុះរិះគន់ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើនហើយនោះ ស្រាប់តែនៅល្ងាចថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ នាយគ្រឿន បានចេញវីដេអូខ្លីមួយ សំពះសុំទោសមហាជនទាំងអស់ ដោយលោកព្រមទទួលស្គាល់កំហុសដែលបានសាង ហើយប្រកាសបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនល្បែង Online នោះយ៉ាងតក់ក្រហល់។
ក្រៅពីបញ្ចប់កុងត្រាហើយ ក្នុងវីដេអូដដែលនោះ នាយគ្រឿន ក៏បានប្រកាសយ៉ាងដាច់អហង្ការចំពោះមុខទស្សនិកជនទាំងអស់ថា ចាប់ពីថ្ងៃនេះតទៅ លោកប្រកាសមិនទទួលផ្សព្វផ្សាយស្រា និង ផ្សាយល្បែងអស់មួយជីវិត។
សូមទស្សនាវីដេអូខាងក្រោម ៖