សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលការណ៍ស្នួលធំបំផុតរបស់រាជរដ្ឋាភិបាល បន្ដពីអាណត្តិចាស់ រហូតដល់អាណត្តិថ្មី គឺអភិបាលកិច្ចល្អ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអះអាងថា គោលការណ៍ស្នួលធំបំផុតរបស់រាជរដ្ឋាភិបាល បន្ដពីអាណត្តិចាស់ រហូតមកដល់អាណត្តិទី៧នេះ គឺអភិបាលកិច្ចល្អ ពោលរៀបចំផ្ទះខ្លួនឯងឲ្យបានស្អាត មុននឹងធ្វើការងារដទៃ នោះមានន័យថា ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលត្រូវតែស្អាតស្អំ ទើបបម្រើប្រជាពលរដ្ឋមានប្រសិទ្ធភាព។
ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងយុទ្ធសាស្ដ្របញ្ចកោណ ក៏ដូចជាយុទ្ធសាស្ដ្រចតុកោណកន្លងទៅ ស្នួលធំបំផុត គឺអភិបាលកិច្ច។ អភិបាលកិច្ចមានន័យថា រៀបចំផ្ទះខ្លួនយើងឲ្យស្អាតមុននឹងចេញទៅមើលផ្ទះគេ រៀបចំផ្ទះយើងឲ្យស្អាតទើបមានផាសុកភាពល្អ ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ ទស្សនៈនេះគឺត្រូវបន្ដ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កិច្ចការងារអភិបាលកិច្ច ត្រូវបន្ដធ្វើពីមួយអាណត្តិ ទៅមួយអាណត្តិ ហើយក្រសួងអធិការកិច្ច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យតាមបណ្ដាក្រសួង ស្ថាប័ន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ត្រូវតែស្អាតស្អំ ដើម្បីការគ្រប់គ្រងមានប្រសិទ្ធភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការប្ដូរឈ្មោះក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មកជា ក្រសួងអអធិការកិច្ច នៅអាណត្តិទី៧នេះ គឺបញ្ជាក់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល នៅក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្មជាសេនាធិការឲ្យរាជរដ្ឋាភិបាល នៅក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។ សម្ដេចបានគូសបញ្ជាក់ថា បើសិនជាការគ្រប់គ្រងរដ្ឋមិនអាចធ្វើទៅបានដោយប្រសិទ្ធភាពទេ តើរដ្ឋទៅធ្វើការងារអ្វីបាន បើគ្រប់គ្រងខ្លួនឯងមិនច្បាស់លាស់។
សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ការធ្វើកំណែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិ គឺជាកិច្ចការសំខាន់ ខណៈការងារតាមដានត្រួតពិនិត្យ ជាគោលការណ៍ស្នួលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ប្រៀបដូចជាការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ដើម្បីសម្រេចការងារទាំងអស់នេះ ការតាមដានត្រួតពិនិត្យ ការសង្កេត ការស្រាវជ្រាវ លើដំណើរការនៃការអនុវត្តការងារដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យរកគុណសម្បត្តិ គុណវិបត្តិ ឈានទៅកែលម្អរឲ្យល្អប្រសើរជាការចាំបាច់ ហើយការងារអធិការកិច្ចត្រូវធ្វើដោយមានប្រសិទ្ធភាពបំផុត និងប្រទាក់ក្រឡា៕