ខ្មាន់កាំភ្លើង២នាក់ ចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់ នៅក្រុងពោធិ៍សាត់
(ពោធិ៍សាត់)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន បានឲ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា២នាក់ ហើយបានចូលទៅបាញ់ជនរងគ្រោះរកស៊ីលក់ត្រី បណ្តាលឲ្យរងរបួសធ្ងន់ប្តីប្រពន្ធ និងស្រ្តីជាម្តាយ។
នៅវេលាម៉ោងជិត៧យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនដៃដល់២នាក់ បានចូលទៅបាញ់ជនរងគ្រោះបណ្តាលឲ្យរងរបួសប្តីប្រពន្ធ និងម្តាយ នៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
ករណីនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ជនដៃដល់។
លោកវរសេនីយ៍ត្រី សំ ថា មេបញ្ជាការអាវុធហត្ថក្រុងពោធិ៍សាត់ បានបញ្ជាក់ថា ជនដៃដល់២នាក់ មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿង មកឈប់មុខផ្ទះ រួចរុញទ្វារចូលក្នុងផ្ទះជនរងគ្រោះ ហើយបាញ់ចំនួន៦គ្រាប់ ខណៈជនរងគ្រោះកំពុងហូបបាយជួបជុំគ្រួសារ បណ្ដាលឲ្យរងរបួសមនុស្សចំនួន៣នាក់។
ជនរងគ្រោះទាំង៣នាក់ រួមមាន៖
ទី១៖ ឈ្មោះ ទិត្យ កុសល្យ អាយុ៣៤ឆ្នាំ មុខរបបអាជីវករទិញត្រី
ទី២៖ ប្រពន្ធឈ្មោះ ជា វួចហេង អាយុ៣៣ឆ្នាំ
ទី៣៖ ឈ្មោះ ជា ណៃហួយ អាយុ៦១ឆ្នាំជាម្តាយ។
ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកសំពៅមាស ខណៈជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។ បើតាមការវាយតម្លៃរបស់សមត្ថកិច្ច ករណីនេះ បណ្តាលមកពីរឿងគំនុំ៕