មន្រ្តីកងរាជអាវុធហត្ថ ដែលប្រើអាវុធបា-ញ់កុក ត្រូវបានឃាត់ខ្លួនហើយ(វីដេអូ)

កាលពីពេលថ្មីៗកន្លងទៅ មហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញការមិនពេញចិត្ត និង ខឹងសម្បារជាខ្លាំង ក្រោយបានឃើញរូបភាពបង្ហោះមួយបង្ហាញឱ្យឃើញសកម្មភាពបុរសម្នាក់លួចប្រើកាំភ្លើងបាញ់សត្វកុក។

យ៉ាងណាមិញ ក្រោយពីមានករណីនោះផ្ទុះឡើង រដ្ឋបាលខេត្តក្រចេះក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា បន្ទាប់ពីមានសារបង្ហោះផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមករណីស្ដីពីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអ៊ី ដែលមានអក្សរពីខាងក្រោយ «អ.ហ» និង ខោប់ារ៉ាពណ៌គគីរជិះរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2Q-7290 និង មានស្លាកសញ្ញាសម្គាល់រថយន្តឡូហ្គូ អ.ហ នៅខាងមុខរថយន្តបានបាញ់សត្វស្លាប (សត្វកុក) នៅទីតាំងបឹងរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលបានឱ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ វេលាម៉ោង ៧:៣០ នាទីព្រឹក នៅទីតាំងបឹងរំលាច ស្ថិតនៅភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ហើយក្រោយទទួលបានព័ត៌មាននោះហើយ អាជ្ញាធរខេត្ត និង កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវជាលទ្ធផលបុគ្គលបាញ់សម្លាប់សត្វស្លាប (សត្វកុក) ប្រើដោយកាំភ្លើងខ្យល់ គឺជាមន្ត្រីកងរាជអាវុធហត្ថស្រុកចិត្របុរី មានឈ្មោះថា កង សុផាណារ័ត្ន ឋានន្ដរស័ក្ដិ អនុសេនីយ៍ឯក ដោយបច្ចុប្បន្នមន្រ្តីកងរាជអាវុធហត្ថរូបនេះត្រូវបានកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ដកហូតវត្ថុតាង និង កំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់ហើយ៕


អត្ថបទដែលជាប់ទាក់ទង