គ្រូបង្វឹកគុនខ្មែរ៣រូប ថ្វីត្បិតរស់នៅឆ្ងាយពីប្រទេសកំណើតក្តី កំពុងបង្ហាត់គុនខ្មែរនៅឯបរទេស
រយៈចុងក្រោយ គុនបុរាណខ្មែរមានភាពល្បីល្បាញខ្លាំងនៅលើឆាកអន្តរជាតិ នេះក៏ព្រោះទាំងកីឡាករ គ្រូបង្វឹក ក៏ដូចជាបងប្អូនខ្មែរយើងបានរួមគ្នាផ្សព្វផ្សាយតាមរយៈរូបភាពផ្សេងៗ។ ជាក់ស្តែង ដូចជាគ្រូបង្វឹកគុនខ្មែរ៣រូបនេះ ថ្វីត្បិតរស់នៅឆ្ងាយពីប្រទេសកំណើតក្តី ប៉ុន្តែពួកគាត់នៅតែមានឆន្ទៈយកចំណេះជំនាញទៅចែកចាយ ក៏ដូចជាផ្សព្វផ្សាយគុនខ្មែរឱ្យល្បីល្បាញនៅអន្តរជាតិ។
១. ឌី សៅ គ្រូបង្ហាត់គុនល្បុក្កតោខ្មែរនៅសហរដ្ឋអាមេរិក
លោក ឌី សៅ ត្រូវបានគេស្គាល់ថាជាគ្រូគុនល្បុក្កតោដែលកំពុងបង្ហាត់គុនរស់នៅសហរដ្ឋអាមេរិក។ លើសពីអាជីពជាគ្រូបង្ហាត់គុន លោកក៏មានអាជីពជាតួសម្តែងជំនួស ឬហៅថា Stunt Man ហើយលោកក៏ជាតួសម្តែងផ្ទាល់នៅក្នុងកុនហូលីវូដផងដែរ។ តួអង្គដែលលោកសម្តែងភាគច្រើនជាតួជំនាញខាងគុន ឈុតឆាកគ្រោះថ្នាក់ វាយតប់ និងប្រយុទ្ធជាដើម។ ជាមួយទេពកោសល្យ គួបផ្សំនិងបទពិសោធផ្នែកក្បាច់គុនរាប់ទសវត្សរ៍ លោក ឌី សៅ ក៏បានក្លាយជាគ្រូបង្វឹកឯកទេសក្បាច់គុនដល់តួអង្គសម្តែងសំខាន់ៗនៅក្នុងរឿងហូលីវូដផងដែរ។ ដោយស្នេហាគុនល្បុក្កតោខ្មែរ ជារឿយៗ លោក ឌី សៅ តែងចំណាយពេលបង្ហាត់គុនដល់កូនខ្មែររស់នៅអាមេរិក និងជនជាតិបរទេសដែលចាប់អារម្មណ៍ទៅលើជំនាញគុននេះ។
២. ធីម សៀងហៃ គ្រូបង្ហាត់គុនខ្មែរនៅប្រទេសបារាំង
ចាប់កំណើតនៅខេត្តកោះកុង សព្វថ្ងៃ លោក ធីម សៀងហៃ ជាគ្រូបង្វឹកប្រដាល់គុនខ្មែរនៅក្លឹប The Temple ស្ថិតនៅទីក្រុង Bordeaux ប្រទេសបារាំង។ លោកបានបង្ហាត់គុននៅទឹកដីប្រទេសបារាំងតាំងពីឆ្នាំ ២០១៩។ ចំពោះបទពិសោធលើសង្វៀនប្រកួត លោកមិនសូវមានច្រើនប៉ុន្មានទេ តែលោកទទួលបានការផ្ទេរចំណេះ និងបច្ចេកទេសពីលោកឪពុក និងឪពុកមារបស់លោក ដែលសុទ្ធសឹងជាអតីតកីឡាករជើងខ្លាំងក្នុងវិស័យប្រដាល់គុនខ្មែរ។ វ័យទើបតែ២៤ឆ្នាំ ជាមួយគុនខ្មែរ គ្រូបង្វឹក ធីម សៀងហៃ ប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយកីឡាគុនខ្មែរឱ្យល្បីល្បាញទូទាំងពិភពលោក។
៣. រិទ្ធ អារុណ គ្រូបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុន
លោក រិទ្ធ អារុណ ជាអ្នកប្រដាល់ចាស់វស្សាមួយរូប បច្ចុប្បន្នលោកក៏ជាគ្រូប្រដាល់គុនខ្មែរដែលកំពុងតែបង្ហាត់គុននៅលើទឹកដីប្រទេសជប៉ុនក្នុងក្លឹប S-GYM Kickboxing។ បង្ហាត់គុនខ្មែររយៈពេល៨ឆ្នាំមកនេះ សិស្សរបស់លោកមានច្រើនរាប់មិនអស់ ក្នុងនោះក៏មានកូនខ្មែររស់នៅប្រទេសជប៉ុនចូលហាត់ជាមួយលោកផងដែរ។ លោកជាគ្រូបង្ហាត់គុនម្នាក់ទៀតដែលជាមានឆន្ទៈខ្ពស់ក្នុងការផ្សព្វផ្សាយគុនខ្មែរឱ្យល្បីល្បាញនៅអន្តរជាតិ៕