តុលាការសម្រេចចោទប្រកាន់បុរសបើករថយន្តទាំងស្រវឹងបុករះស្លាប់ និងរបួស៨នាក់ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច

ភ្នំពេញ ៖ ករណីបុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងបុករះម៉ូតូ និងរថយន្តជាច្រើន បង្កឱ្យមានមនុស្សស្លាប់៤នាក់ និងរបួសមនុស្ស៤នាក់ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ និងរបួសស្លាប់មនុស្សច្រើននាក់ ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យបានឱ្យដឹងដែរថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អំពីករណីគ្រោះថ្នាក់ចរាចរណ៍កើតហេតុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៤០នាទី ត្រង់ចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយជនសង្ស័យ ឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច ក្នុងទិសដៅចុះពីលើស្ពានដោយល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ទៅបុកពីក្រោយម៉ូតូ និងរថយន្តជាច្រើនគ្រឿង បណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ និងរងរបួសមនុស្ស ០៤នាក់៕

អត្ថបទដែលជាប់ទាក់ទង