ចុងខែមករា នេះ ចិន ជួបគ្រោះបាក់ដីធ្ងន់ធ្ងរ កប់មនុស្សជិត ៥០ នាក់
មនុស្សចំនួន ៤៧ នាក់ មកពី ១៨ គ្រួសារ ត្រូវបានកប់ក្រោមដី ខណៈមនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ ក្រោយហេតុការណ៍បាក់ដីមួយបានកើតមានឡើងនៅខេត្ត Yunnan ប្រទេសចិន។
តាមព័ត៌មានបានឱ្យដឹងថា គ្រោះបំណាក់ដីនេះដែរ បានកើតឡើងនៅវេលាម៉ោង ៥ និង ៥១ នាទីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ (ពេលវេលាក្នុងតំបន់) នាតំបន់ជនបទមួយ ដែលហ៊ុំព័ទ្ធទៅដោយព្រិលគ្របដណ្ដប់។ បើតាមទិន្នន័យអាកាសធាតុ បានបង្ហាញឱ្យឃើញថា អាកាសធាតុនៅទីនោះ គឺក្នុងរង្វង់ -៤ អង្សាសេ អំឡុងពេលជួបគ្រោះបំណាក់ដីនោះ។
ក្រោយហេតុការណ៍ភ្លាមៗ ខាងអាជ្ញាធរ ក៏បានដាក់ចេញការសង្គ្រោះជាបន្ទាន់ ដោយមានក្រុមសង្គ្រោះប្រមាណជាង ៣០០ នាក់ ចុះប្រតិបត្តិការរុករកជនរងគ្រោះយ៉ាងស្វិតស្វាញផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ខាងមន្ត្រីក្នុងតំបន់ មិនទាន់អាចកំណត់ថា មានជនរងគ្រោះណាម្នាក់បាត់បង់ជីវិតនៅឡើយទេ ហើយចំពោះមូលហេតុបង្កជាបំណាក់ដីនោះ ក៏នៅមិនទាន់មានការបញ្ជាក់ឱ្យប្រាកដនោះដែរ៕