កូនខ្មែរថែអក្សរសាស្ត្រ! ប្រកួតសរសេរតាមអានលើកដំបូងនៅមុខអង្គរវត្ត រកឃើញម្ចាស់ជ័យលាភី ៣ រូប ពូកែៗណាស់
កាលពីព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ នៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប មានរៀបចំកម្មវិធី «សំណេរអង្គរ» ដែលជាការប្រកួតសរសេរតាមអានអក្សរខ្មែរ ជាលើកដំបូង និង បានរកឃើញជ័យលាភីចំនួន ៣ រូប។
កម្មវិធី «សំណេរអង្គរ» គឺជាកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិ ដែលបានធ្វើឡើងលើកដំបូងកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ នៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមការផ្ដួចផ្ដើមរបស់លោក លីម ប៊ុនហុក ជាអ្នកស្រឡាញ់អក្សរសាស្រ្ត និង ក្រុមការងារ ក្រោមកិច្ចសហការពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អាជ្ញាធរអប្សរា ព្រមទាំងក្រសួងអប់រំយុវជន និង កីឡា ក្រសួងទេសចរណ៍ និង អង្គភាព ស្ថាប័នដទៃទៀត ដោយមានអ្នកចូលរួមដល់ទៅ ៧០០ អង្គ/នាក់។
យ៉ាងណាមិញ ក្រោយពីបានប្រកួតយ៉ាងសំណេរយ៉ាងយកចិត្តទុកដាក់រួចមក ក្នុងថ្ងៃដដែលគណៈកម្មការរៀបចំកម្មវិធីក៏បានប្រកាសឱ្យដឹងពីជ័យលាភីសំខាន់ចំនួន ៣ រូបដូចជា ៖
• លេខ ១ បានទៅលើបេក្ខជនមកពីរាជធានីភ្នំពេញ ឈ្មោះ ចេង រតនា
• លេខ ២ បានទៅលើបេក្ខជនមកពីខេត្តបន្ទាយមានជ័យ ឈ្មោះ វ៉ន រីដា
• លេខ ៣ បានទៅលើបេក្ខនារីមកពីខេត្តសៀមរាប ឈ្មោះ យ៉ោក សុឃាក់
គួរឱ្យដឹងដែរថា ក្រៅពីនោះក៏មានជ័យលាភីរងដទៃទៀតចំនួន ២២ នាក់ដែរ ដូចជាជ័យលាភីអក្សរស្អាតមាន ៣ នាក់ បេក្ខជនមានអាយុតិចជាងគេបំផុតមាន ៣ នាក់ (ចាប់ពីអាយុ ៨ ឆ្នាំ) និង អាយុច្រើនជាងគេបំផុតមាន ១ នាក់ (៦៧ ឆ្នាំ) ដែលបានទទួលរង្វាន់លើកទឹកចិត្តដូចជា សៀវភៅអាន វត្ថុអនុស្សាវរីយ៍ សំបុត្រយន្តហោះ និង ទទួលបានការស្នាក់នៅសណ្ឋាគារ ជាដើម៕