សម្ដេចតេជោ ហ៊ុន សែន៖ កុំខ្លាចជាមួយនឹងការចំណាយប្រាក់កាសជួលយន្តហោះពិសេស ទៅដឹក ប្រជាពលរដ្ឋ និងនិស្សិតជាង ៤០០នាក់ ចេញពីអ៊ីស្រាអែល ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថា ចាំបាច់ត្រូវតែជន្លៀស

ភ្នំពេញ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណពក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ ផ្ដល់យោបល់ឱ្យរាជរដ្ឋាភិបាល ឱ្យនាយករដ្ឋមន្ត្រី ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថា ចាំបាច់ត្រូវតែជន្លៀសប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាចេញ យើងកុំខ្លាចជាមួយនឹងការចំណាយប្រាក់កាសជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើងជាង ៤០០នាក់ ចេញពីអ៊ីស្រាអែលនោះ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងពិធីបំពាក់មេដាយ និងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតមែនហើយ ក្នុងប៉ុន្មានថ្ងៃនេះ យើងមានរឿងរ៉ាវកើតនៅប្រទេសអ៊ីស្រាអែល នោះនៅត្រង់ថាយើងកំពុងតាមដានជាបន្ត ដោយនាយករដ្ឋមន្ត្រី បណ្ដារដ្ឋមន្ត្រីដែលមានការពាក់ព័ន្ធ កំពុងតាមដានដោយដិតដល់នូវព្រឹត្តិការណ៍នេះ ហើយដែលករណីនេះប្រទេសមួយចំនួនត្រៀមយន្តហោះទៅដឹកនិស្សិត និងពលកររបស់គេចេញពីប្រទេសអ៊ីស្រាអែល។ សម្ដេចតេជោបានគូសបញ្ជាក់ថា៖ «អំបាញ់មិញនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ខ្ញុំថា យើងមិនមានលទ្ធភាពធ្វើបែបនេះទេ ព្រោះប្រជាជនអ៊ីស្រាអែលគេរស់នៅរបៀបណា គឺយើងត្រូវរស់នៅរបៀបហ្នឹង។ រឿងនេះយើងបានធ្វើ រួមទាំងខ្ញុំ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីអប់រំដែលមាននិស្សិតច្រើនជាងគេ បានធ្វើការស្ទើរពេញមួយយប់។ ជាអកុសល និស្សិតយើងម្នាក់បានស្លាប់។ ឥឡូវយើងកំពុងតាមដានពិនិត្យអំពីសុវត្ថិភាពនៃពលរដ្ឋរបស់យើងនៅឯប្រទេសអ៊ីស្រាអែល។ ប្រសិនបើប្រជាជន រដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញទេ យើងកុំចាកចេញចោលប្រជាជនអ៊ីស្រាអែល។» សម្ដេចតេជោសង្កត់ធ្ងន់ថា ប្រសិនបើរត់ចោលប្រជាជនអ៊ីស្រាអែល ក្នុងពេលដែលប្រជាជនអ៊ីស្រាអែលជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រាអែល តទៅទៀត។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យរាជរដ្ឋាភិបាល ឱ្យនាយករដ្ឋមន្ត្រី ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថា ចាំបាច់ត្រូវតែជន្លៀសប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាចេញ យើងកុំខ្លាចជាមួយនឹងការចំណាយប្រាក់កាសជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើងជាង ៤០០នាក់ ចេញពីអ៊ីស្រាអែល។ ប៉ុន្តែសម្ដេចតេជោមិនជឿថា អ៊ីស្រាអែលគាត់នឹងមានសំណូមពរបែបនេះជូនចំពោះយើងនោះទេ។ អ្វីដែលកម្ពុជាចង់បាន សូមឱ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកផ្លូវដោះស្រាយតាមរយៈនៃការសន្ទនារកការស្រុះស្រួលគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង