ក្រសួងបរិស្ថាន ដាក់ចេញវិធានការ ៤ ចំណុច ដើម្បីទប់ស្កាត់ការបំពុលខ្យល់នៅកម្ពុជា
កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីស្ថានភាពគុណភាពខ្យល់ និង វិធានការទប់ស្កាត់ការបំពុលខ្យល់នៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ខណៈដែលរបបខ្យល់មូសុងកំពុងបក់ពីទិសខាងជើង មកទិសខាងត្បូងនារដូវនេះ ក្រសួងបរិស្ថាន បាននឹង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និង ស្ថានីយ ត្រួតពិនិត្យគុណភាពខ្យល់បំពុលនៅទូទាំងប្រទេសចំនួន ៥១ ទីតាំង ហើយជាលទ្ធផលគិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរគឺកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨០៣ µg/m³ ទៅ ២១,៤៣ µg/m³ ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m³ ជាមធ្យមក្នុងរយៈពេល ២៤ ម៉ោង។
យ៉ាងណាមិញ ក្រសួងបានឱ្យដឹងដែរថា ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជំរុញការអនុវត្ត វិធានការទប់ស្កាត់ និង កាត់បន្ថយការបំពុលខ្យល់សាធារណៈរួមមាន ៖
១. អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំង សំរាម-សំណល់រឹង និង ការដុតសំណល់ផ្សេងៗទៀតនៅទីចំហ។
២. ចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុតសំណល់កសិកម្ម ដុតសំរាម សំណល់រឹងនៅទីចំហ និង ការឆេះទីលានចាក់សំរាម។
៣. ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋាន សំណង់ និង ការដឹកជញ្ជូនសម្ភារសំណង់។
៤. ធ្វើការសម្អាតធូលី និង ធ្វើអនាម័យនៅតាមដងផ្លូវ និង ទីសាធារណៈឱ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងបរិស្ថាន ក៏បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារ និង ទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ និង ប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ច្បាស់ពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងទាំងពីរផងដែរ៕