ដកហូតបង្គាជិត ១០ គីឡូ នៅម្ដុំត្រឡោកបែក ក្រោយពិនិត្យឃើញមានចាក់ចាហួយ

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ CCF បានឱ្យដឹងថា បានត្រួតពិនិត្យឃើញមានការលក់ដូរនូវបង្គាចាក់ចាហួយ នៅម្ដុំត្រឡោកបែក។

យោងតាមការបង្ហោះជាព័ត៌មានបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដើម្បីធានាបាននូវសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ មន្ត្រីនៃសាខា «ក.ប.ប.» រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន «ក.ប.ប.» និង អាជ្ញាធរដែនដីបាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ ៥៩៨ ត្រឡោកបែក សរុបចំនួន ៩ ទីតាំង ដោយបានដកយកគំរូសំណាកចំនួន ២២ គំរូ រួមមាន មឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ។ល។ មកធ្វើតេស្ត និង វិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យ និង ការពារ ក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ចត់ ខាងមន្រ្តី «ក.ប.ប» ក៏បានរកឃើញ «បង្គា» មានចាក់ចាហួយចំនួន ៩.៥ គីឡូក្រាម ជាហេតុត្រូវដកហូតយកភ្លាមៗ រួមទាំងចាត់វិធានការ ចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង