កម្លាំងនគរបាលខេត្តសៀមរាប  សហការគ្នាស្រាវជ្រាវបំបែកសំណុំរឿងឃា-តក-ម្មស-ម្លា-ប់បុរសម្នាក់នៅជិតភោជនីយដ្ឋានអាប៉ូឡូផ្លាហ្សា ក៏ចាប់ខ្លួនជនដៃដល់ពីរនាក់ប្ដីប្រពន្ធ

ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប  សហការគ្នាស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់នៅជិតភោជនីយដ្ឋានអាប៉ូឡូផ្លាហ្សា នៅព្រឹកថ្ងៃទី ៨ តុលានេះ ហើយមិនដល់កន្លះថ្ងៃផង ក៏ចាប់ខ្លួនជនដៃដល់ពីរនាក់ប្ដីប្រពន្ធ សម្លាប់មនុស្សយ៉ាងសាហាវដោយសារទំនាស់ក្នុងវង់ផឹកស៊ី។
នៅក្នុងប្រតិបត្តិការនេះគឺក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប,លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ លោកស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លំាងធ្វើការការស្រាវជ្រាវពាក់ព័ន្ធនិងករណីឃាតកម្ម កើតហេតុវេលាម៉ោង ០២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦A ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ដោយនៅវេលាម៉ោង ០៤ និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលយើងទទួលបានព័ត៌មានពីកម្លាំងនគរបាលចរាចរណ៍ តាមរយៈទូរស័ព្ទថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស មានសំបុរស្រអែម អាយុប្រហែល៣៥ឆ្នាំ មានកំពស់ប្រហែល ១៥០សង់ទីម៉ែត្រ មានសាក់រូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ បានដេកស្លាប់ក្នុងធ្លុកទឹកមាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦A  ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដឹកនាំដោយលោក ង៉ិល សុវណ្ណរិទ្ធិ អយ្យការរងអមសារដំបូងខេត្តសៀមរាប ដោយមានការចូលរួមសហការពីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ នៃមន្ទីពេទ្យបង្អែកខេត្ត សៀមរាប បានធ្វើការពិនិត្យវិភាគកន្លែងកើតហេតុ និងពិនិត្យសាកសព និងធ្វើការសាកសួរសាក្សី។

លោកបន្ថែមថា តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងក្រោម:១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។២.ឈ្មោះ កឿម កាន  ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីឃាតកម្ម កើតហេតុវេលាម៉ោង ០២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦A ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហូល ហៃ ហៅ ម៉ែន បានសារភាពថា៖ រូបគេពិតជាធ្វើសកម្មភាពខាងលើពិតប្រាកដមែន ដោយនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រូបគេបានបើម៉ូតូឌុបប្រពន្ធ ប្រដាប់ដោយខ្វែវ ១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់នៅចំណុចតូបលក់បាយកន្លែងកើតហេតុ ព្រោះជនរងគ្រោះជាគូរទំនាស់ តែងតែដេកនៅទីនោះរៀងរាល់យប់។ ពេលទៅដល់រូបគេបានចុះពីម៉ូតូកាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំក ផ្នែកខាងមុខចំនួន ១ខ្វែវ ខណៈដែលជនរងគ្រោះដេកផ្ងា ភ្លាមនោះជនរងគ្រោះបានប្រកាច់ចេញពីតូបលក់បាយទៅទិសខាងត្បូងផ្លូវជាតិលេខ៦  ហើយដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ ហើយរូបគេបានកាប់បន្ថែមចំត្រង់ស្លាបប្រជៀងផ្នែកខាងស្តាំ ផ្នែកខាងក្រោយ ចំនួន ១ខ្វែវ និងកាប់ចំត្រង់ចង្កេះខាងស្តាំ ចំនួន ១ខ្វែវទៀត បន្ទាប់មកបានឲ្យប្រពន្ធជួយលើកជនរងគ្រោះបោះចូលទៅ ក្នុងថ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូនសម្អាតឈាមចេញពីខ្វែវ លុះព្រឹកឡើង រូបគេបានសំលៀង និងលាងសំអាតខ្វែវ  ហើយយកទៅសៀតនៅលើធ្នឹមផ្ទះ។  បន្ទាប់មកទើបយកក្រណាត់ដែល ប្រឡាក់ឈាមដាក់ដុតជាមួយគំនរសំរាមក្បែរផ្ទះ លុះដល់វេលាម៉ោង១២និង០០នាទី ថ្ងៃ.ខែ.ឆ្នាំ ដដែល ក៏ត្រូវបាន សមត្ថកិច្ចចុះនាំខ្លួនតែម្តង។២.ឈ្មោះ កឿម កាន  ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា៖ នៅវេលាម៉ោង២១និង០០នាទីយប់ មុនថ្ងៃកើតហេតុមួយសប្តាហ៍ ប្តីរបស់ខ្លួនមានទំនាស់ និងប្រើហិង្សាជាមួយជនរងគ្រោះខាងលើ ខណៈកំពុងអង្គុយផឹកស្រារសជុំគ្នា ហើយនៅយប់កើតហេតុវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត ប្តីបានបើកម៉ូតូឌុបរូបនាងប្រដាប់ដោយខ្វែវ ១ដើម មកធ្វើសកម្មភាពកាប់លើគូរទំនាស់តែម្តង  ក្នុងនោះរូបនាងក៏បានជួយលើកជនរងគ្រោះបោះចូលក្នុងធ្លុកទឹកផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង