អយ្យការអមសាលាដំបូងខេត្តសៀមរាប ឱ្យបុរស ២ នាក់ពាក់ព័ន្ធករណីហិង្សាលើក្មេងលក់អណ្ដើកត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅបន្តសំណុំរឿង

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ជាបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការប្រើហិង្សាទៅលើក្មេងដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ដែលការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានវីដេអូបង្ហោះមួយពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើក្មេងនៅបរិវេណមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និង មានការមិនពេញចិត្តជាខ្លាំងពីសំណាក់មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក។

យ៉ាងណាមិញ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ក៏បានបញ្ចេញសេចក្ដីប្រកាសព័ត៌មានមួយពាក់ព័ន្ធនឹងករណីជនសង្ស័យទាំងពីរនាក់នោះឱ្យបានដឹងថា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៥៨ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានជនសង្ស័យចំនួន ២ នាក់ ទី១ ឈ្មោះ សុខ សឿន ភេទប្រុស អាយុ ២៣ ឆ្នាំ និង ទី ២ ឈ្មោះ ហៃ រដ្ឋា ភេទប្រុស អាយុ ៣១ ឆ្នាំ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ ឆ្នាំ ដើម្បីចាត់ការជាសមត្ថកិច្ច។

ជាមួយគ្នានេះដែរ ប្រភពដដែលបានបន្តទៀតថា ក្រោយពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និង ឯកសារជាភស្តុតាងនានានៅក្នុងសំណុំរឿង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ៖

១. ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ ឆ្នាំ (កើតនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០០៤) ជានីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ហើយក្នុងអំឡុងពេលបំពេញភារកិច្ចប្រចាំការ មើលការខុសត្រូវនៅទីកន្លែងកើតហេតុជនសង្ស័យឈ្មោះ សុខ សៀន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និង ណែនាំឈ្មោះ ណុល សំណាង និង បក្ខពួកកុំឱ្យប្រព្រឹត្តអំពើទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតបជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាងលើមានការខឹងសម្បារ និង ជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង។

២. នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និង នៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និង ទទួលស្គាល់ថាជាកំហុសរបស់ខ្លួន ដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាងរួចក៏បានធ្វើការសុំទោសដល់អាណាព្យាបាល និង ជនរងគ្រោះ ព្រមទាំងបានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះក៏បានដកពាក្យបណ្ដឹង និង ឈប់ប្តឹងក្នុងរឿងនេះតទៅទៀត។ លើសពីនេះមានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យថា នឹងចូលខ្លួនមកវិញនៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ ហើយជនសង្ស័យទាំងពីរមានប្រពន្ធ និង កូនតូចៗក្នុងបន្ទុកជាច្រើននាក់ ដែលត្រូវមើលថែរក្សា។

៣. ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និង ភស្តុតាងនានាក្នុងសំណុំរឿងអយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា ករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិនបង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ដល់ជនរងគ្រោះឡើយ។

៤. ផ្នែកលើអង្គហេតុ អង្គច្បាប់ និង ហេតុផលក្នុងចំណុចទី ២ខាងលើ តំណាងអយ្យការបានសម្រេចឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន ដោយឡែកសំណុំរឿងនេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធីឱ្យស្របតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង