កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ចុះធ្វើកិច្ចសន្យាខារ៉ាអូខេចំនួន២ ខណៈចាក់បំពងសំឡេង២៤ម៉ោង

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះធ្វើកិច្ចសន្យាទៅលើខារ៉ាអូខេចំនួន២ទីតាំងបន្ទាប់ពីមានការរិះគន់ពីសំណាក់បណ្ដាញសង្គមfacebook ដោយលើកឡើងថាខារ៉ាអូខេយីហោ អេហ្សីបខេធីវីចាក់ភ្លេងបំពងសំឡេង២៤ម៉ោងលើ២៤ម៉ោងរំខានដល់ការរកស៊ីទទួលទាននិងដំណេករបស់ពលរដ្ឋនៅជុំវិញទីតាំងនេះ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤។ នគរបាលបានប្រាប់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាដល់កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វេីកិច្ចសន្យាតាមហាងខារ៉ាអូខេ ក្នុងនោះកម្លាំងយេីងបានធ្វេីកិច្ចសន្យារួចចំនួន ២ខារ៉ាអូខេ គឺ៖
-ខារ៉ាអូខេយីហោ ជីប្រាំបួន (G9)
-ខារ៉ាអូខេយីហោ អេហ្សីបខេធីវី(A ZIB KTV)។
នគរបាលបញ្ជាក់ថា លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនៈនឹងបន្តធ្វេីកិច្ចសន្យាគ្រប់ទីតាំងខារ៉ាអូខេទាំងអស់ ដែលមាននៅក្នុងក្រុងប៉ោយប៉ែត ដើម្បីសុវត្តិភាពនិងមិនឱ្យមានសំឡេងក្នុងខារ៉ាអូខេបំពងសំឡេងចេញមកក្រៅរំខានដំណេកពលរដ្ឋនៅពេលយប់ ដែលពួកគាត់រកស៊ីទទួលទានពេលថ្ងៃអស់កម្លាំង។

ជាងនេះទៅទៀតពលរដ្ឋបានសំណូមពរដល់កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងខេត្តបន្ទាយមានជ័យក៏ដូចសមត្ថកិច្ចក្រុងប៉ោយប៉ែតមេត្តាជួយមានវិធានការទៅលើក្រុមក្មេងទំនើងដែលជិះម៉ូតូដាក់ស៊ីម៉ាំងប្រែនលាន់ឮរំពងនៅពេលយប់ក៏ដូចនៅពេលថ្ងៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង