សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យ លោក តាកាហាសី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម ក្នុងពិធីពិសារអាហារ
នៅល្ងាចថ្ងៃទី ១០ ខែមករា ២០២៤ (ម៉ោង ១៩.០០ ម៉ោងនៅប្រទេសជប៉ុន) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ លោក តាកាហាសី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។
លោក តាការហាសី ហ្វ៊ូមីអាគី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលទទួលជួប លោក និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ លោក ក៏បានសំដែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍ ប្រទេសកម្ពុជាជាពិសេស ក្នុងការ ពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។
ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង លោកតាកាហាសី ហ្វ៊ូមី អាគី បានបញ្ជាក់ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅ ព្រះ រាជា ណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹង ដើរ តួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។
លោកមានប្រសាសន៍ថា ហេតុនេះប្រសិន បើ យើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា។
នៅក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បាន បង្ហាញឆន្ទៈក្នុងការបើកសាលា បណ្ដុះបណ្ដាល ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាល អំពីសហគ្រិនភាពសម្រាប់ធុរជនស្ដ្រី នៅប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និង រីករាយ ស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេច តេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជា លទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរក សក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែល សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយ លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ដ្រីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទី ក្រុង តូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕