អុញនុះ! ជំទាវ ចន ច័ន្ទលក្ខិណា ប្រាប់ថាក្រសួងវប្បធម៌កំពុងធ្វើការលើរឿងអ្នកកាន់បារមីព្រះនាង ឥន្ទ្រទេវី
មកទល់ពេលនេះរឿងរ៉ាវរវាងប្រធានសមាគមសិល្បៈខ្មែរ ជំទាវ ចន ច័ន្ទលក្ខិណា និង អង្គស្នងរូប ព្រះនាង ឥន្ទ្រទេវី ដែលគេស្គាល់ថាជាម្ចាស់ផេក កំពូល ម៉ូត ហាក់មិនទាន់ចប់ឡើយ ដោយពេលនេះកំពុងតែផ្ទុះពាក្យសម្ដីគ្នាទៅវិញទៅមក។
ជុំវិញរឿងផ្ទុះពាក្យសម្តីនេះ ជំទាវ ចន ច័ន្ទលក្ខិណា បាននិយាយថា ខ្លួនមិនបានក្តៅក្រហាយរឿងគេទេ គ្រាន់តែខ្លួនក្តៅក្រហាយចំពោះ អ្នកស្នងបារមព្រះនាងដែលបំផ្លាញសិល្បៈវប្បធម៌ជាតិខ្មែរជាសាធារណៈប៉ុណ្ណោះ ហើយពាក់ព័ន្ធរឿងនេះ កន្លងមកជំទាវក៏ធ្លាប់បានស្នើដល់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងក្រសួងធម្មការជួយអន្តរាគមន៍ថែមទៀត។ យ៉ាងណាមិញ ថ្មីៗនេះ ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារឱ្យដឹង ពីដំណើរការដែលខ្លួនបានស្នើទៅកាន់ក្រសួង ក្នុងពេលដែលខ្លួនបានធ្វើការឆ្លើយតបមួយទៅកាន់លោកអាចារ្យធំ ទាក់ទងការគាំទ្រឱ្យខ្លួនឈរជាដើមបណ្តឹងចំពោះអ្នកស្នងបារមីនោះ។
ការបង្ហោះសារនោះ ជំទាវ ចន ច័ន្ទលក្ខិណា រៀបរាប់ថា ៖ «ខ្ញុំសូមឆ្លើយតបទៅសំណើលោកអាចារ្យធំ : ពេលនេះគឺខ្ញុំកំពុងរង់ចាំចំណាត់ការពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រោះខ្ញុំក៏បានផ្តល់ព័ត៌មាន និង លើកសំណើជូនលោកជំទាវ ភឿង សកុណា ឱ្យបានជ្រាបតាំងពីថ្ងៃទី ០៣ ខែមករា។ លោកជំទាវក៏បានឆ្លើយតបមកខ្ញុំភ្លាមៗដែរ នៅក្នុងកិច្ចការងារនេះ គឺលោកជំទាវបានប្រគល់ភារកិច្ចជូនទៅឯកឧត្តម ចំរើន វណ្ណថា ដើម្បីធ្វើកិច្ចការនេះ ហើយខ្ញុំក៏បានទាក់ទងរំឭកឯកឧត្តមម្តងទៀតតាំងពីថ្ងៃទី ០៧ ឯកឧត្តមបានមានប្រសាសន៍ថា ខាងក្រុមការងារបានទាក់ទងទៅម្ចាស់ផេក តែម្ចាស់ផេកលើកទូរស័ព្ទហើយក៏បិទវិញ មិនអាចធ្វើការទាក់ទងបាន។ ក្រសួងគឺជាឪពុកម្តាយរបស់អ្នកសិល្បៈផ្នែករក្សាសិល្បៈវប្បធម៌ជាតិ ខ្ញុំអត់ធ្វើការរំលងក្រសួងទេ»៕