ប្រទេសឥណ្ឌូនេស៊ី កើតហេតុការណ៍រថភ្លើងបុ-កគ្នាយ៉ាងរន្ធ-.ត់
រថភ្លើងដឹកអ្នកដំណើរចំនួន ២ ដែលបានបរក្នុងទិសដៅផ្ទុយគ្នា បានបុកគ្នានៅខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី បណ្ដាលឱ្យមនុស្សចំនួន ៤ នាក់បានស្លាប់ និង ៤២ នាក់ផ្សេងទៀតបានរងរបួស។
តាមការប្រកាសពីមន្ត្រីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរឈ្មោះ Turangga និង Bandung Raya បានបុកគ្នានៅវេលាម៉ោង ៦ កន្លះព្រឹក ខណៈកំពុងធ្វើដំណើរលើខ្សែផ្លូវ Cicalengka-Haurpuguh ជិតស្ថានីយ Cicalengka នាស្រុក Bandung ខេត្ត West Java។
រថភ្លើងទាំង ២ គ្រឿងនោះដែរ ផ្ទុកអ្នកដំណើរសរុបចំនួន ៤៧៨ នាក់ ដោយក្នុងពេលកើតហេតុនោះ បណ្ដាលឱ្យអ្នកដំណើរចំនួន ៤២ នាក់រងរបួស ខណៈបុគ្គលិកលើរថភ្លើងចំនួន ៤ នាក់បានបាត់បង់ជីវិត។ ចំពោះមូលហេតុបណ្ដាលឱ្យរថភ្លើងបុកគ្នានេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ដោយខាងមន្ត្រីប្រចាំខេត្ត កំពុងដាក់ការស៊ើបអង្កេតលើបញ្ហានេះ៕