រយៈពេល៤ថ្ងៃដើមឆ្នាំ២០២៤នេះ ភាគីថៃចាប់ពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃ បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជិត២០០នាក់
ខេត្តបន្ទាយមានជ័យ ៖ លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា រយៈពេលត្រឹមតែ៤ថ្ងៃនៅដើមឆ្នាំ២០២៤នេះ អាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរដែលធ្វើការខុសច្បាប់នៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលអាជ្ញាធរកម្ពុជាទទួលយកមកវិញមានចំនួន១៦៩នាក់ (ស្រី៤៩នាក់និងកុមារ៧នាក់)។
ពលករខ្មែរដែលភាគីថៃចាប់បញ្ជូនមានចំនួន១៦៩នាក់ (ស្រី៤៩នាក់និងកុមារ៧នាក់) ក្នុងនោះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មានចំនួន២១នាក់ (ស្រី០៧នាក់កុមារ១នាក់ ) ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មានចំនួន២៥នាក់ (ស្រី៩នាក់កុមារ៤នាក់) ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤មានចំនួន៨នាក់ (ស្រី៤នាក់កុមារ១នាក់) ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មានចំនួន១១៥នាក់ (ស្រី២៩នាក់កុមារ១នាក់) ។
ក្រោយទទួលពលករខ្មែរដែលភាគីថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរាជាតិប៉ោយប៉ែតអាជ្ញាធរកម្ពុជាសាកសួរព័ត៌មានពីពលករខ្មែរឱ្យដឹងថា ពួកគាត់ទៅធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់នាំឆ្លងដែនខុសច្បាប់ក្នុងម្នាក់ជូនដល់កន្លែងការងារម្នាក់តំលៃ៥.០០០ទៅ៦.០០០បាត ភាគច្រើនទៅធ្វើការសំណង់ដោយខុសច្បាប់ ដោយលួចលាក់ធ្វើការត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកវិញ ៕