ប្រទះឃើញព្រះពុទ្ធរូប២អង្គ និងបានប្រគល់ឱ្យតម្កល់ទុកនៅសារមន្ទីរជាតិរាជធានីភ្នំពេញ
តាកែវ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ ព្រះពុទ្ធរូបពីរអង្គដែលបានប្រទះឃើញដោយប្រជាពលរដ្ឋរស់នៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានដឹកមកដល់សារមន្ទីរជាតិ រាជធានីភ្នំពេញហើយ។
ពលរដ្ឋរស់នៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញព្រះពុទ្ធរូបពីរអង្គកប់ក្នុងដី ដោយត្រូវបានបញ្ជូនទៅតម្កល់ទុកនៅសារមន្ទីរជាតិរាជធានីភ្នំពេញដើម្បីទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនៃជាតិ។
តាមការបញ្ជាក់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ព្រះពុទ្ធរូបពីរអង្គជាវត្ថុបុរាណដែលធ្វើពីថ្មភក់ ប្រហែលស្ថិតក្នុងសតវត្សទី៦ ឬទី៧ ក្នុងរចនាបថភ្នំដា។ វត្ថុបុរាណទាំងពីរអង្គនោះ មួយជាព្រះពុទ្ធរូបទ្រង់ភ្នែនសមាធិមាន កម្ពស់ ០.៨ម៉ែត្រ ព្រះភ្នែន ០.៦៧ម៉ែត្រ និងព្រះពុទ្ធរូបទ្រង់មួយអង្គទៀត មានកម្ពស់ ១.៥ម៉ែត្រ ជើងទម្រ ០.៦៧ម៉ែត្រ។
មន្ទីរវប្បធម៌ខេត្ត កោតសរសើរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានសហការ ខ្នះខ្នែង ក្នុងការចូលរួមថែរក្សានិងប្រគល់វត្ថុបុរាណយកមកអភិរក្ស ទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃជាតិ៕