ក្រសួងសុខាភិបាល ប្រកាសរកឃើញជំងឺអុតស្វា ២ ករណីថ្មីទៀតហើយ

កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស​ព័ត៌​មាន​​ស្តីពី ការរកឃើញជំងឺអុតស្វា ២ ករណីបន្ថែមទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានឱ្យដឹងថា លទ្ធផលទទួលបានពីវិទ្យាស្ថានជាតិ​សុខភាពសា​ធារ​ណៈ​​​គិតត្រឹមថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ បានរកឃើញករណី ជំងឺអុតស្វា ២ ករណីបន្ថែមទៀតសរុបចំនួន ៣ ករណី ហើយ​ក្រោយ​ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ ដោយឡែកនៅក្នុងមន្ទីរពេទ្យ​បាន​យ៉ាងត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពល​រដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ប្រុ​ង​ប្រយ័ត្ន​ផ្ទាល់ខ្លួនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និង ត្រូវ​អនុវត្ត​នូវវិធានការបង្ការនានាដូចជា ៖

១. របៀបចម្លង ៖

• វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អុតស្វា និង ការប៉ះ​ពាល់​ដោយ​ផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និង សម្ភារៈប្រើប្រាស់ ដែលប្រឡាក់​ប្រឡូស​ជា​មួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ស្លាបព្រា ចាន កែវទឹក ។ល។

• វីរុសអុតស្វា ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមា​ន​ផ្ទៃពោះ​​ឬឪ​ពុកម្តាយមានជំងឺអុតស្វា។

២. វិធានការបង្ការការចម្លងជំងឺអុតស្វា ៖

• អនុវត្តការរួមភេទ ដែលមានសុវត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និង ចៀសវាង មានដៃគូរួមភេទច្រើន។

• ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នក ដែលមានចេញរោគសញ្ញាជំងឺអុតស្វា។

• ចៀសវាងការប៉ះពាល់ ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។

• ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វា។

• អនុវត្តអនាម័យដៃ ដោយលាងសម្អាតដៃជាមួយទឹកនឹងសាប៊ូ ឬដែលលាងដៃ ឬអាល់កុលលាងដៃ។

ដោយឡែក ចំពោះបុគ្គល ដែលសង្ស័យ ឬបញ្ជាក់ថាមាន ជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ ដោយឡែករហូតដល់ក្រមរ ជ្រុះ​អស់ ​និង ទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា ហើយបុគ្គល ដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធាន​ការ​ការ​ពារ​​ខ្លួនឱ្យបានត្រឹមត្រូវ។

យ៉ាងណាមិញ ចំពោះបុគ្គលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រ​ដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និង ឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះពាល់ផ្ទាល់​ជាមួយអ្នកជំងឺ​អុត​ស្វា ​ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការ​ពិនិត្យ ​ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វា ឬទូរស័ព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ និង ពិគ្រោះយោបល់៕

អត្ថបទដែលជាប់ទាក់ទង