ជំទាវ ចន ច័ន្ទលក្ខិណា ហាក់នៅមិនស្ងៀមឡើយដោយមានប្រតិកម្មយ៉ាងខ្លាំង ទៅអ្នកតាំងខ្លួនស្នងរូបព្រះនាង ឥន្ទ្រទេវី
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានឃើញមកហើយនូវការចែករំលែករូបភាពភ្លូកទឹកភ្លូកដីរបស់អ្នកលក់អនឡាញមួយរូប ដែលបានស្លៀកសពាក់ស ហើយរាំពត់ពេននៅក្នុងប្រាសាទមួយក្នុងខេត្តសៀមរាប ដោយតាំងខ្លួនមានបារមីព្រះនាង ឥន្ទ្រទេវី ចូលសណ្ឋិត។
ជាមួយរូបភាព និង ការតាំងខ្លួននោះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការវែកញែកគ្នាព្រោងព្រាតពេញក្នុងបណ្តាញសង្គមផងដែរ ដោយមហាជនមួយចំនួនបានបង្ហាញពីការមានជំនឿនេះ ហើយមហាជនខ្លះប្រតិកម្ម និង មិនជឿនោះឡើយ។
ស្របគ្នានឹងរឿងនេះកំពុងផ្ទុះឡើង ងាកទៅកាន់ជំទាវ ចន ច័ន្ទលក្ខិណា ក៏ហាក់នៅមិនស្ងៀមឡើយដោយមានប្រតិកម្មយ៉ាងខ្លាំង។ ក្នុងនោះ ជំទាវបានបង្ហោះរូបពេលគ្រងឈុតព្រះនាង ឥន្ទ្រទេវី សម្តែងក្នុងរឿង «ព្រះបាទជ័យវរ្ម័នទី ៧» និង សរសេរសារផ្តាំទៅអ្នកតាំងខ្លួនជាអ្នកស្នងរូប ព្រះនាង ឥន្ទ្រទេវី យ៉ាងវែងអន្លាយថា ៖ «ផ្ញើជូនអ្នកកំពុងតាំងខ្លួនជាអ្នកស្នងរូប ព្រះនាង ឥន្ទ្រទេវី! ពេលដែលសម្លៀកបំពាក់នេះមកស្ថិតលើខ្លួនខ្ញុំភ្លាម គឺខ្ញុំសែនគោរពប្រណិបត្តិរៀបឥរិយាបទ រៀបឫក រៀបពារឱ្យនឹងធឹងសមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ។ ពេលខ្ញុំសម្តែងជាតួអង្គតំណាងព្រះនាងម្តងៗ ខ្ញុំតែងរៀបបាយសីថ្វាយព្រះអង្គ ដើម្បីសុំសេចក្តីសុខ តែខ្ញុំមិនដែលហ៊ានបួងសួងសុំព្រះបារមីព្រះនាងមកសណ្ឋិត ឬ ឃុំគ្រងនាងខ្ញុំ ដើម្បីសម្តែងឱ្យសិក្ក័សមជាព្រះនាងពិតៗនោះទេ ព្រោះខ្ញុំគិតថា ខ្លួនខ្ញុំមិនបរិសុទ្ធស្អាតស្អំ ១០០% ដែលអាចឱ្យព្រះនាងសណ្ឋិតបានទេ ព្រោះខ្ញុំគិតថាខ្ញុំនៅមាន ទោសៈ មោហៈ លោភៈក្នុងខ្លួន ដូច្នេះត្រឹមតែស្លៀកសម្លៀកបំពាក់ ហើយសម្តែងជាតួអង្គតំណាងព្រះនាង គឺពិតជាអស្ចារ្យលើសលប់ពេកហើយសម្រាប់ខ្ញុំ។ ខ្ញុំជឿជាក់ថា ព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាទេ! ដូច្នេះសូមកុំតាំងខ្លួនជាព្រះនាងឱ្យសោះ ខ្ញុំឃើញទង្វើ និង សកម្មភាពរបស់អ្នកស្នងខ្លះ គឺមានកាយវិការរាំមិនសមរម្យទាល់តែសោះ។ តាមការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រាប់ខ្ញុំថា ឥរិយាបទព្រះនាងកុំថាឡើយកាយវិការម៉ឺងមាត់ ហ្មត់ចត់ នឹងនរ ស្ងប់អារម្មណ៍ សូម្បីតែកែវភ្នែកព្រះនាងក៏មិនងាកមើលឆ្វេងស្តាំទេ។ តែមួយរយៈនេះ ខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាងប្រៀបដូចកាយវិការស្រីរបាំ បែបទាក់ទាញកាមអារម្មណ៍បែបស្រើបស្រាល។ កុំដើម្បីផលប្រយោជន៌របស់ខ្លួន យកព្រះនាងមកលេងសើច ប្រយ័ត្នបានស្នងក្នុងបន្ទប់រួម»៕