សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារបន្ទាន់ទាំងយប់ ពាក់ព័ន្ធស្ថានការណ៍នៅអ៉ីស្រាអែល អំពាវនាវនិស្សិតខ្មែរ និងពលរដ្ឋខ្មែរ ស្តាប់ការណែនាំ របស់អាជ្ញាធរអ៊ីស្រាអែល

(ភ្នំពេញ)៖ សារសំឡេងរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីវិធានការបន្ទាន់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការប្រយុទ្ធគ្នានោះ ហើយក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះនិស្សិត និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា និងរស់នៅប្រទេសអ៉ីស្រាអែលជាង៤០០នាក់។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានទាក់ទងដោយផ្ទាល់ទៅកាន់និស្សិត និងពលរដ្ឋនៅអ៉ីស្រាអែលផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារបន្ទាន់បន្តបន្ទាប់គ្នាទាំងយប់ពាក់ព័ន្ធការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់។
ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅដល់និស្សិត ក៏ដូចជាពលរដ្ឋខ្មែរនៅអ៉ីស្រាអែល ស្តាប់ការណែនាំ និងអនុវត្តន៍តាមវិធានការចាត់ចែងរបស់អាជ្ញាធរអ៉ីស្រាអែល ដើម្បីរក្សាសុវត្ថិភាពពីការផ្ទុះសង្គ្រាមនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាណាព្យាបាល និងសាច់ញាតិ ដែលមានកូន បងប្អូន ឬសាច់ញាតិ កំពុងសិក្សារៀនសូត្រ និងរស់នៅប្រទេសអ៉ីស្រាអែល រក្សាចិត្តឱ្យនឹងន និងកុំស្លន់ស្លោ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតាមយ៉ាងយកចិត្តទុកដាក់បំផុត លើស្ថានការណ៍នៅប្រទេសអ៉ីស្រាអែល ហើយនឹងដាក់ចេញនូវដំណោះស្រាយនានា ដើម្បីធានាដល់សុវត្ថិភាពនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅអ៉ីស្រាអែល៕

 

អត្ថបទដែលជាប់ទាក់ទង