ផ្ទុះឡសម្ងួតនៅក្នុងរោងចក្រកាត់ដេរមួយកន្លែង បណ្ដាលឱ្យភ្លើងឆាបឆេះម៉ូតូយ៉ាងសន្ធោសន្ធៅ រហូតខូចខាតប្រើការលែងបានទាំងស្រុង ជាង៣០គ្រឿង និងកង់២គ្រឿង
ភ្នំពេញ ៖ កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅក្នុងរោងចក្រកាត់ដេរមួយកន្លែងយីហោ «ត្រាវី ហ្គាម៉ិន ខេមបូឌា ឯ.ក» ដែលមានទីតាំងនៅខាងក្រោយទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឆៀករថយន្ត ) ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមកម្មករ និងកម្មការិនី ភ័យស្លន់ស្លោនាំគ្នារត់ជាន់ជើងគ្នា ព្រមទាំងបានជួយជញ្ជូនសម្ភារៈចេញពីក្នុងអគាររោងចក្រផងដែរ ព្រោះខ្លាចភ្លើងឆេះដល់។ ភ្លាមៗនោះ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចេញអន្តរាគមន៍ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងទៅជួយបា.ញ់ទឹកពន្លត់ រហូតអណ្ដាតភ្លើងរលត់ទៅវិញទាំងស្រុង។
នៅមុនពេលកើតហេតុ ខណៈពេលដែលកម្មករកំពុងតែធ្វើការសុខៗ ស្រាប់តែឮផ្ទុះឡសម្ងួតនៅក្នុងរោងចក្រលាន់សូរផូងៗ ហើយក៏មានអណ្ដាតភ្លើងជះចូលទៅដល់កន្លែងដាក់ម៉ូតូកម្មករតែម្ដង បណ្ដលឲ្យម៉ូតូចំនួន៣២គ្រឿង និងកង់២គ្រឿង ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងយ៉ាងឆាប់រហ័ស ដោយត្រឹមតែមួយសន្ទុះតែប៉ុណ្ណោះ ធ្វើឲ្យរងការខូចខាតទាំងស្រុងនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។
ប្រភពដដែល ប្រាប់ឲ្យដឹងបន្តថា «ម៉ូតូដែលត្រូវភ្លើងឆាបឆេះនោះ ភាគច្រើនគឺម៉ាកហុងដាឌ្រីមសេ១២៥ និងហុងដាស្កូបពី ដែលជារបស់កម្មករ និងកម្មការិនីជិះមកធ្វើការងារ ហើយទុកនៅក្បែរទីតាំងឡសម្ងួត ដែលមានខាងតំណាងរោងចក្ររៀបចំឲ្យទុកនៅទីនោះ»។
ប្រភពដដែល ប្រាប់ឲ្យដឹងបន្តទៀតថា «ដោយឡែក នៅពេលមានភ្លើងឆេះភ្លាមៗនោះ ធ្វើឲ្យមានការជ្រួលច្របល់ខ្លាំងណាស់ អ្នកខ្លះក៏រត់យករួចខ្លួន និងអ្នកខ្លះទៀតក៏បានជួយជញ្ជូនសម្ភារៈចេញពីក្នុងអគាររោងចក្រ។ ប៉ុន្តែពុំមាននរណាម្នាក់អាចមានលទ្ធភាពចូលទៅពន្លត់ភ្លើងនោះបានឡើយ ព្រោះថា ក្នុងម៉ូតូ១គ្រឿងៗសុទ្ធតែប្រេងសាំងធ្វើឲ្យអណ្ដាតភ្លើងឆេះខ្លាំងណាស់ បន្ទាប់មកទើបរាយការណ៍សុំជំនួយពីអាជ្ញាធរខណ្ឌដង្កោភ្លាមៗតែម្ដង»។ ចំណែករថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក៏បានទៅដល់ជាបន្តបន្ទាប់ផផងដែរ។ បន្ទាប់មក ក៏បានពន្លត់ភ្លើងរហូតរលត់ទៅវិញ និងមិនបានបណ្ដាលឲ្យឆេះរាលដាលចូលដល់រោងចក្រទាំងមូលឡើយ ហើយក៏ពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះដែរ៕