ថ្នាក់ដឹកនាំ និងគ្រូចំបាប់ ជឿជាក់លើកីឡាកររូបនេះអាចនឹងឈ្នះមេដាយកីឡាអាស៊ីនៅចិន
ថ្នាក់ដឹកនាំ និងគ្រូបង្វឹករបស់កីឡាចំបាប់ គឺមានទំនុកចិត្តខ្ពស់លើកីឡាករ ស៊ូ បាលី ថាអាចនឹងឈ្នះមេដាយកីឡាអាស៊ី (Asian Games) លើកទី១៩ ដែលធ្វើឡើងនៅប្រទេសចិន។
លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកកីឡាចំបាប់បានឲ្យដឹងថា ការប្រកួតកីឡាអាស៊ីនេះគឺជាការប្រកួតកម្រិតខ្ពស់ហើយពិបាកក្នុងការប្រជែងមេដាយ។ កីឡាករ កីឡាការិនីដែលយកប្រកួតនេះគឺភាគច្រើនជាក្រុមដែលជ្រើសរើសសម្រាប់ទៅប្រកួតអូឡាំពិកទៀតផង។
ងាកមកក្រុមកម្ពុជាវិញគ្រូជម្រើសជាតិខាងលើគឺមានក្ដីរំពឹងខ្ពស់ចំពោះម្ចាស់មេដាយមាសស៊ីហ្គេម ២ជំនាន់ ស៊ូ បាលី មានសមត្ថភាពខ្ពស់ក្នុងការប្រជែងមេដាយក្នុងព្រឹត្តិការណ៍មួយនេះ។ កីឡាកររូបនេះមានបទពិសោធច្រើន ហ្វឹកហាត់កម្រិតខ្ពស់ និងប្រកួតបានល្អ។
ចំណែកលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធចំបាប់បានលើកឡើងថ្មីៗនេះដែរថា កីឡាករ ស៊ូ បាលី គឺទទួលបានបទពិសោធល្អបន្ថែមនៅក្នុងព្រឹត្តិការណ៍ចំបាប់ជើងឯកពិភពលោក ឆ្នាំ២០២៣ (World Wrestling Championship 2023) ប្រទេសស៊ែប៊ី។ បទពិសោធនេះគឺមានសារសំខាន់សម្រាប់រូបគេពង្រឹងចំណុចខ្វះខាតដែលជាការត្រៀមខ្លួនមួយល្អក្នុងការប្រជែងមេដាយជូនកម្ពុជានៅព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន។
បញ្ជាក់ដែរថា កីឡាករ ស៊ូ បាលី នឹងប្រកួតលើវិញ្ញាសាចំបាប់សេរី ក្នុងប្រភេទទម្ងន់ ១២៥គីឡូក្រាមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ី លើកទី៩ ឯប្រទេសចិន។ កម្ពុជាបានបញ្ជូនអត្តពលិកលើ ១៧ប្រភេទកីឡា សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមានចំនួន ១៨៩នាក់។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ ៨ ខែតុលា ឆ្នាំ២០២៣៕