នាចុងខែធ្នូនេះ ! នាវាទេសចរណ៍វេស្ទឺដាម នឹងចូលចតនៅប្រទេសកម្ពុជា

ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុបានបានឱ្យដឹងថា នាវាទេសចរណ៍អាមេរិក វេស្ទឺដាម (Westerdam ) នឹងដឹកភ្ញៀវទេសចរប្រមាណ ១ ៥០០ នាក់ មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។ វត្តមាននៃនាវាទេសចរណ៍ដ៏ធំនេះក៏ជាការរំលឹកខួបបីឆ្នាំផងដែរ នៃនាវានេះដែលបានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងពេលដែលប្រទេសដទៃមិនអនុញ្ញាតឱ្យចូលចត ដោយព្រួយបារម្ភពីការឆ្លងនូវជំងឺកូវីដ១៩កាលពីឆ្នាំ២០២០។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ Westerdam នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៨ ខែធ្នូដោយនាំភ្ញៀវទេសចរចំនួនប្រមាណជាង ១៥០០ នាក់មកកាន់កម្ពុជា។ ក្នុងនោះភ្ញៀវទេសចរខ្លះនឹងធ្វើដំណើរកម្សាន្តនៅឆ្នេរកោះរ៉ុង ភ្ញៀវខ្លះទស្សនានៅក្នុងក្រុងព្រះសីហនុ និងមួយចំនួនទៀតអាចនឹងធ្វើដំណើរមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ឬទៅកម្សាន្តនៅខេត្តសៀមរាបជាដើម។

លោក ឡុង ឌីម៉ង់ បានថ្លែងថា « ភ្ញៀវទេសចរទាំងអស់នោះ ដែលមកតាមនាវាទេសចរណ៍ Westerdam នឹងមកដល់ប្រហែលជា ១ ៥០០ នាក់ ហើយប្រហែលជាត្រឡប់ទៅតាមនាវាវិញ ប្រមាណ ៩០០ នាក់។ អាជ្ញាធរខេត្តព្រះសីហនុ បាននិងកំពុងត្រៀមរៀបចំការទទួលភ្ញៀវទេសចរទាំងនេះផង ហើយមិនតែប៉ុណ្ណោះ ក៏រំលឹកខួបរយៈពេលបីឆ្នាំផងដែរ នៃការចូលសំចតរបស់នាវានេះ កាលពីឆ្នាំ ២០២០» ។

សូមរម្លឹកដែរថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក ឈ្មោះ Westerdam ដែលមានភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង ២ ២០០ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីប្រទេសចំនួនបួន និងកោះចំនួនពីរមិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។

បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍នេះ ចូលចតនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង