តារាចម្រៀងនាង ចំរើន សុភ័ក្រ បានប្រកាសពីការពពោះកូនដំបូង ក្រោយពីនាងទើបតែចូលរោងការប្រមាណ១ខែ គត់
ភ្នំពេញ ៖ តារាចម្រៀងនាង ចំរើន សុភ័ក្រ បានប្រកាសពីការពពោះកូនដំបូងរបស់ខ្លួន ក្រោយពីនាងទើបតែចូលរោងការប្រមាណ១ខែគត់ តើកូននៅក្នុងផ្ទៃរបស់នាង គឺជាកូនប្រុស ឬក៏កូនស្រីនៅឡើយនោះ? តារាចម្រៀងក្នុងផលិតកម្មហង្សមាស នាង ចំរើន សុភ័ក្រ បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមថា «Happy aniversary ចំនួន១ខែ ទទួលបានច្រមក់តូចមួយនៅក្នុងពោះ»។
ទោះបីជាយ៉ាងណា បើទោះបីជាស្រីស្អាត ចំរើន សុភ័ក្រ បានប្រកាសពីការពពោះកូនដំបូងក្រោយរៀបការបាន១ខែក៏ដោយ ក៏បណ្តាអ្នកគាំទ្ររូបនាងជាច្រើនបាននាំគ្នាសម្តែងការអបអរសាទរចំពោះរូបនាង និងគ្រួសារ ដែលបានសម្រេចយកកូនភ្លាមៗ ដោយមិនទុកចាំយូរ ដើម្បីរឹតចំណងជាប្តីប្រពន្ធរបស់ពួកគេឲ្យកាន់តែផ្អែមល្ហែម និងរឹងមាំបន្ថែមទៀត ។
ជាការកត់សម្គាល់ តារាចម្រៀងនាង ចំរើន សុភ័ក្រ បានសម្រេចចូលរោងការកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីរូបនាង និងស្វាមីបានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំ ក្រោយស្វែងយល់ចិត្តគ្នាបានយ៉ាងល្អ ។ អស់រយៈពេលជាច្រើនឆ្នាំនៅលើវិស័យសិល្បៈផ្នែកចម្រៀង តារាស្រីរូបនេះបានក្ដោបយកប្រជាប្រិយភាពបានជាច្រើនពីមហាជនទាំងស្រីទាំងប្រុស ដោយសារតែសមត្ថភាពរបស់នាង រួមទាំងស្នាដៃបទចម្រៀងពីរោះៗ ប្លែកៗជាច្រើន តែងធ្វើឱ្យអ្នកគាំទ្រពេញចិត្តមិនថា បទញាក់ បទមនោសញ្ចេតនា បទកន្ទ្រឹម រាំវង់ បទសម្រាប់រដូវកាលបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌជាដើម ។ ហើយក្រៅពីមានអាជីពជាតារាចម្រៀងសម័យ ស្រីស្អាត ចំរើន សុភ័ក្រ ក៏ជានាដការីផ្នែករបាំបុរាណម្នាក់ផងដែរ៕