សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប់ឆ្នោតជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណៈសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ បានបោះឆ្នោតជ្រើសរើសបន្ថែមថ្មីចំនួន ២៣ រូបទៀត

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដោយសំឡេងឆ្នោតគាំទ្រ ចំនួន ១ ១៨៧ សំឡេង ដែលស្មើនឹង ៩៩.៩២% ខណៈសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បានបោះឆ្នោតជ្រើសរើសបន្ថែមថ្មីចំនួន ២៣ រូបទៀត។

សូមបញ្ជាក់ថា ការបោះឆ្នោតនេះ គឺធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជនបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៤ នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា ត្រូវបានដឹកនាំដោយសម្ដេចមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងមានអនុប្រធានចំនួន ៥រូប ដែលរួមមាន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដោយសំឡេងឆ្នោតគាំទ្រ ចំនួន ១ ១៨៧ សំឡេង ដែលស្មើនឹង ៩៩.៩២% នៅថ្ងៃនេះ។

សូមជម្រាបថា នៅក្នុងមហាសន្និបាតកាលពីម្សិលមិញ សមាជិកចំនួន ៤៩៦ នាក់បន្ថែមទៀតត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស។ ការបន្ថែមសមាជិកថ្មីជិត ៥០០ នាក់នេះ ធ្វើឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប។

ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីបន្ថែមទៀតទៅក្នុងគណៈកម្មាធិការកណ្តាល នៅក្នុងមហាសន្និបាតវិសាមញ្ញលើកនេះ ក៏មានការបោះឆ្នោតការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ៖ គណបក្សប្រ ជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ សាមគ្គីភាពផ្ទៃក្នុង ជួយគ្នាទៅវិញទៅ មក និងគោរពរដ្ឋធម្មនុញ្ញជាដើម។

ថ្លែងបើកក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ម្សិលមុិញនេះ នៅវិមាន៧មករា រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«អំពីការកសាងគណបក្ស គឺតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ មួយចំនួនគឺ គោលការណ៏ប្រមូលផ្ដុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួល ខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក គោលការណ៍រក្សាភ្ជាប់ជិតស្និទ្ធិរវាងគណបក្ស និងប្រជាជន និងគោលការណ៍គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន»។

សម្តេចប្រធានគណបក្សបានបន្ថែមទៀតថា ៖ ផ្ដើមចេញពីការអនុវត្តគោលការណ៍ខាងលើរនេះបានធ្វើឱ្យបក្សបានរីកធំធាត់ ពេញកម្លាំង រឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយមានគ្រប់លក្ខណ:សម្បត្តិអាចដឹកនាំគ្រប់គ្រងប្រទេសយូរអង្វែងតទៅផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថាការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូតកាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះអ្វីដែលបានចេញដំណើរភ្លាមដែរនោះគឺកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតផងដែរ។ ជាការសន្និដ្ឋានការចេញដំណើររបស់ជំនាន់ថ្មីមានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិ។

នៅក្នុងមហាសន្និបាតនេះដែរសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ទៀតថាអង្គមហាសន្និបាតទាំងមូលក៏សូមសម្ដែងនូវគារវភក្តី និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាមានសេចក្តីសុខ សន្តិភាព និងរីកចម្រើនឥតឈប់ឈរ ៕

អត្ថបទដែលជាប់ទាក់ទង