មន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ
ភ្នំពេញ ៖ មន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
សូមបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការប្រកែកគ្នារវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។
បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវីដេអូនោះ។
នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ មន្រ្តីនគរបាលចរាចរណ៍០៣នាក់ ដែលស្ថិតក្នុងរឿងរ៉ាវបញ្ហានៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) ត្រូវបានកោះហៅយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ៕