ព្រឹត្តិការណ៍កីឡា ចំបាប់ជើងឯក អាស៊ីអាគ្នេយ៍ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងថ្ងៃដំបូង

ភ្នំពេញ៖ ការប្រកួតកីឡា ចំបាប់ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ក្រុមកីឡា ចំបាប់ កម្ពុជា ដណ្ដើម បានមេដាយ ចំនួន ១៤គ្រឿង ក្នុងថ្ងៃដំបូង កាលពីថ្ងៃទី០៦ ខែធ្នូនេះ ។ សម្រាប់ថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ កីឡាចំបាប់ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ប្រកួតលើប្រភេទអាយុក្រោម ១៧ឆ្នាំបុរស-នារីប៉ុណ្ណោះ ដែលមានវិញ្ញាសាសរុបចំនួន ២៤។

ក្នុងដំណើរការប្រកួតពេញ ១ថ្ងៃ ក្រុមកីឡាចំបាប់ យុវជនកម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាង មេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើម បានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧) ខណៈវៀតណាម ឈរកំពូលតារាង ដណ្ដើម បានមេដាយ ច្រើនជាងគេសរុប ២៤គ្រឿង (មាស ១៩ និងប្រាក់ ៥) និងថៃ ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១)។

សម្រាប់ការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៦-០៩ ខែធ្នូ ដោយមាន អត្តពលិក ចូលរួមសរុប ២៧៦នាក់ មកពី ៨ប្រទេស ។ ការប្រកួត បែងចែកជា ៣ប្រភេទ គឺប្រភេទ អាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និងក្រុមធំ ចាប់ពីអាយុ ២០ឆ្នាំឡើង ។ នេះជាឆ្នាំទី២ ហើយ ដែលកម្ពុជា បានទទួលសិទ្ធ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ អន្ដរជាតិនេះ ក្រោយទទួល បានការស្នើសុំ ពីបណ្ដាប្រទេសក្នុងតំបន់។

សូមបញ្ចាក់ថា កាលពីឆ្នាំ២០២២ ក្នុងការប្រកួតកីឡា ចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍នេះ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបាន មេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣) មុនកីឡាចំបាប់កម្ពុជា បានបង្កើតកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស ៥ ប្រាក់ ៤ និងសំរឹទ្ធ ១១) ដែលជាការឈ្នះមេដាយច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រប្រកួតកីឡាស៊ីហ្គេមរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង