ករណីចាប់បានចោរលួចដឹកគោរបស់ប្រជាពលរដ្ឋចំនួន ៣នាក់ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

បាត់ដំបង៖ មានចោរ ៣នាក់ លួចដឹកគោរបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី ១៥ ភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៦ក្បាល ដែលគាត់ចងអោយស៊ីស្មៅចូលក្នុងចម្ការមៀន នៅជាប់នឹងផ្លូវកៅស៊ូ រួចហើយក្រុមចោបានបើកឡានសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-7546 ចម្ងាយប្រមាណ ៥០ម ដើម្បីដេញគោទាំងអស់បញ្ចូលឡានដឹកចេញទៅ។

ពេលនោះម្ចាស់គោកំពុងតែដើររកគោ បានជួបក្រុមចោយាមនៅច្រកចូល ក៏បានសួររកគោ អ្នកយាមផ្លូវឆ្លើយថាគោទៅលិចហើយ ក្នុងពេលដំណាលគ្នានោះ សត្វគោឮសូរសំឡេងម៉ាស៊ីនម៉ូតូស្ដាប់ស្គាល់ ក៏បានអើតករត់ចេញពីព្រៃបង្ហាញខ្លួនឲ្យម្ចាស់ឃើញ ម្ចាស់គោ ២នាក់ ប្ដីប្រពន្ធស្រែកឆោឡោឡើង រកបងប្អូនកំពុងធ្វើដំណើរតាមផ្លូវជួយចាប់ចោរផង ទូរស័ព្ទទៅរកកម្លាំង មានសមត្ថភាពផង ឃើញសភាពការណ៍ដូចនេះ ចោរយាមផ្លូវនិងចោម្នាក់ទៀតលោតចុះពីឡានរត់ចូលព្រៃបាត់ នៅសល់តៃកុងឡានម្នាក់ឯង ថយឡានមកពីក្នុងយ៉ាងលឿនបំផុត ជ្រុលឆ្លងទៅម្ខាងផ្លូវកៅស៊ូធ្លាក់ក្នុងប្រព័ន្ធប្រឡាយផ្លូវ មកមុខវិញមិនរួច ក៏ត្រូវបានប្រជាពលរដ្ឋ រួមគ្នាចាប់បាន។

បន្តិចក្រោយមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ កម្លាំងអធិការដ្ឋានស្រុករតនមណ្ឌល មកធ្វើអន្តរាគមន៍ នាំយកចោរម្នាក់ ឡាន១គ្រឿង ព្រមទាំងឱ្យម្ចាស់សត្វគោ ទៅដាក់ពាក្យបណ្តឹង៕

អត្ថបទដែលជាប់ទាក់ទង