ផ្សារទំនើបម៉ាក្រូរបស់ ថៃ ចេញបកស្រាយពីការចោទប្រកាន់ថា ទិញសាច់ជ្រូកបង្កកគេចពន្ធ

អន្តរជាតិ ៖ ផ្សារទំនើបម៉ាក្រូរបស់ប្រទេសថៃបានចេញមកបកស្រាយ និងពន្យល់ទៅដល់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ទាក់ទិនទៅនឹងរបាយការណ៍ដែលចោទប្រកាន់ថា ផ្សារទំនើបមួយនេះបានទិញសាច់ជ្រូកបង្កកគេចពន្ធពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ។

ផ្សារទំនើបម៉ាក្រូដែលដំណើរការដោយក្រុមហ៊ុន CP Extra Plc បានចេញសេចក្ដីថ្លែងការណ៍មួយថា “ក្រុមហ៊ុនសូមបដិសេធរាល់ការចោទប្រកាន់ទាំងនោះ ។ ផ្សារទំនើបម៉ាក្រូបានបញ្ឈប់ការបញ្ជាទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. តាំងពីពាក់កណ្ដាលឆ្នាំ ២០២២ មកម្ល៉េះ ដោយសារតែដឹងថា ផលិតផលទាំងនោះមិនបានបំពេញតាមស្ដង់ដាអនាម័យ និងគុណភាពរបស់ក្រុមហ៊ុន” ។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ផ្សារទំនើបម៉ាក្រូក៏បានបញ្ឈប់ការបញ្ជាទិញថ្លើមជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ផងដែរ ដូច្នេះរាល់ការចោទប្រកាន់ទាំងអស់ គឺជារឿងចាស់តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានឆន្ទៈក្នុងការសហការជាមួយអាជ្ញាធរដើម្បីបើកការស៊ើបអង្កេតពីប្រតិបត្តិការរត់ពន្ធសាច់ជ្រូកនេះដូចគ្នា ។

ការចេញសេចក្ដីថ្លែងការណ៍របស់ផ្សារទំនើបម៉ាក្រូរបស់ប្រទេសថៃកើតមានឡើង បន្ទាប់ពីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ទុកពេល ៣០ ថ្ងៃដែលរាប់ចាប់ពីថ្ងៃទី៤ ខែធ្នូតទៅ ដើម្បីឲ្យផ្សារទំនើបមួយនេះផ្ដល់របាយការណ៍បកស្រាយ ក៏ដូចជាបំភ្លឺឲ្យបានច្បាស់លាស់ ស្របពេលដែលឪពុក និងកូនដែលជាម្ចាស់ក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ត្រូវបានចាប់ខ្លួនផងដែរ ពីបទរត់ពន្ធសាច់ជ្រូកខុសច្បាប់ ។

គួរបញ្ជាក់ថា អ្នកទាំងពីរត្រូវបានចាប់ខ្លួនភ្លាមៗនៅឯអាកាសយានដ្ឋានសុវណ្ណភូមិពីបទរត់ពន្ធសាច់ជ្រូកខុសច្បាប់ រាប់ពាន់តោនពីប្រទេសជិតខាងចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ខណៈការចាប់ខ្លួននោះកើតមានឡើងមួយថ្ងៃ មុនការចោទប្រកាន់លើផ្សារទំនើបម៉ាក្រូ ៕

អត្ថបទដែលជាប់ទាក់ទង