ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម
(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២៣នេះ។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមោទនភាពសម្រាប់កម្ពុជា ក្រោយបញ្ចប់សង្គ្រាម ប្រទេសត្រូវបានអភិវឌ្ឍន៍ឱ្យរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ។ រាជរដ្ឋាភិបាលបុរេសកម្ម មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកពលរដ្ឋចោលនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ដាក់ចេញ ត្រូវបានដាក់ឱ្យអនុវត្តន៍អស់ហើយ ក្នុងរយៈពេលត្រឹមជាង៣ខែ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជាតិគាំពារសង្គមដែលដាក់ឱ្យអនុវត្តន៍ គឺជាការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាពរយៈពេលវែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជួយតិច ឬច្រើន គឺរាជរដ្ឋាភិបាលត្រូវតែជួយតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល មិនទុកប្រជាពលរដ្ឋចោលនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នា២០៥០ គឺរាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤រួមមាន៖
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
– កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវ ការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១៣៥៥ដុល្លារនៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖០៣នាទីនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ៕