អភិបាលខេត្តព្រះសីហនុ ប្រកាសមិនឱ្យប្រជានេសាទចេញទូកទៅលម្ហសមុទ្រ ព្រោះកម្ពុជានឹងរងឥទ្ធិពលព្យុះពីហ្វីលីពីន
នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូមួយបង្ហាញពីសារសំឡេងរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋ និង ប្រជានេសាទ មានការប្រុងប្រយ័ត្ន ព្រមទាំងផ្អាកការចេញទៅនេសាទ នៅក្នុងលម្ហសមុទ្រតាមបណ្ដាកោះផ្សេងៗ។
យោងតាមសារសំឡេងដែលបង្ហោះក្នុងហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ផ្អែកតាមការព្យាករណ៍អាកាសធាតុនឹងមានព្យុះចាប់ផ្ដើមពីប្រទេសហ្វីលីពីន បក់បោកទៅតៃវ៉ាន់ ដែលនឹងបង្កឱ្យមានភ្លៀង ព្យុះ រលកធំៗ នៅក្នុងសមុទ្រកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្ដម គួច ចំរើន បានលើកឡើងថា ៖ «ដូច្នេះខ្ញុំសុំធ្វើការណែនាំឱ្យប្រជាពលរដ្ឋ អ្នកនេសាទ ផ្អាកការចេញទៅនេសាទនៅក្នុងលម្ហសមុទ្រ តាមបណ្ដាកោះផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ដោយសារបញ្ហាអាកាសធាតុ» ហើយឯកឧត្ដមក៏បានប្រាប់ឱ្យកងកម្លាំងសមត្ថកិច្ច និង សហគមន៍ប្រជានេសាទ ចូលរួមណែនាំ ប្រាប់ដល់ប្រជានេសាទផ្សេងទៀតកុំឱ្យចាកចេញទៅនេសាទ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ៕