រថយន្តប្រើហ្គាសមួយគ្រឿង ដឹកភ្ញៀវចំនួន៦នាក់ ស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីកាបីន បណ្តាលឱ្យឆេះនៅកណ្តាលផ្លូវ ធ្វើឱ្យអ្នកជិះក្នុងរថយន្តនាំគ្នាបើកទ្វាររថយន្ត ចុះចេញពីក្នុងរថយន្តសឹងមិនចង់ទាន់

ខេត្តសៀមរាប ៖ កាលពី ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតនៅត្រង់ចំណុចមុខវត្តព្រះដាក់លើ ផ្លូវកូរ៉េ ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមត្ថកិច្ច កងរាជអាវុធហត្ថមូលដ្ឋានស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងថា រថយន្តមួយគ្រឿងត្រូវភ្លើងឆេះខាងលើម៉ាកកាមរី ពណ៍ស្លែ ស៊េរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខ២E៥៣០៦បើកបរដោយឈ្មោះ ផេង ភឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានអាសយដ្ឋានបច្ចុប្បន្នស្ថិតក្នុងភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកភ្ញៀវចំនួន៦នាក់ ។

មូលហេតុមកពីរថយន្តប្រើហ្គាស ហើយឆ្លងប្រព័ន្ធភ្លើង បណ្តាលឱ្យឆេះខូចខាតអស់ទាំងស្រុង។
ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បានដោយជោគជ័យ ប៉ុន្តែពុំបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឬគ្រោះ ថ្នាក់ដល់អាយុជីវិតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង