តុលាការ ឃុំខ្លួនបុរសដែលវាយសន្តិសុខយាមបុរីបែកមុខ និងគំរាមបាញ់
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នបុរសម្នាក់ដែលវាយសន្តិសុខមួយពិលបែកមុខហូរឈាម ហើយថែមទាំងឱ្យជនរងគ្រោះសងថ្លៃពិល និងបានប្រើពាក្យជេរប្រមាថទៅលើសមត្ថកិច្ច។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ ចំពោះបុរសម្នាក់ដែលវាយសន្តិសុខមួយពិលបែកមុខហូរឈាមនៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់។
លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា បុគ្គលឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។