សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រយៈពេលបីខែកន្លងមកនេះ កម្មវិធីអាទិភាពចំនួនប្រាំ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់រួចហើយ
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣បានអញ្ជើញចូលរួមសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ នៅសណ្ឋាគារសុខា។ក្នុងព្រឹត្តិការណ៍នេះសម្ដេចធិបតីបានថ្លែងថា ក្នុងរយៈពេលបីខែមកនេះរាជរដ្ឋាបាលបានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយអាទិភាពចំនួនប្រាំ និងបានដាក់ឱ្យប្រើប្រាស់រួចហើយ ។
កម្មវិធីគោលនយោបាយអាទិភាពចំនួន៥ រួមមាន៖ ១.យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨ ),២.ការពង្រឹងមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារក្រីក្រនិង គ្រួសារងាយរងហានិភ័យ ,៣.កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសជាមួយការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វាយនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត , ៤. កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ទី៥ .ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិកម្មបែបថ្មី ។
សម្តេចធិបតីបន្តថាក្នុងអំឡុងពេលនេះដែរក្នុងចំណោមវិធានការកន្លឺះដែលមានចរិតជាការកែទម្រង់ស្ថាប័នរាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវគណៈកម្មការជាតិចំនួនបីរួមមាន៖ គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ,គណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំនិងគណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យសុខាភិបាល។
ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវការរៀបចំនិងកិច្ចដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ ។
សម្តេចធិបតីបន្តថា សប្តាហ៍កន្លងទៅនេះនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៩ សម្តេចក៏បានសម្រេចដាក់ចេញវិធានការមុតស្រួចដែលមានចរិតជាការ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជាក៏ដូចជាការឆ្លើយតបកង្វល់ របស់ផ្នែកឯកជនដែលមានជិត ២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ចនិងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ៕