សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្ត ចំពោះក្រុមប្រឆាំងដែលចោទ «ប្អូនស្រីកន្និដ្ឋា» ថា «លក់ក្បាល» ក្រោយបកស្រាយរឿងពន្ធ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្ត ដែលក្រុមប្រឆាំងជ្រុលនិយម បានវាយប្រហារទៅ កញ្ញា កន្និដ្ឋា ថា «បានលក់ក្បាល» ឱ្យសម្តេច នៅពេលដែលអ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមបានចេញមុខពន្យល់អំពីបញ្ហាពន្ធបានច្បាស់លាស់។
ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា «វាហួសចិត្ត ដែលប្អូនស្រីកន្និដ្ឋា នៅអាមេរិក គ្នាចេញ Show ពន្យល់ គ្រាន់តែចេញ Show មួយពន្យល់រឿងពន្ធដារ គ្រាន់តែគ្នាពន្យល់បានច្បាស់ឱ្យប្រជាពលរដ្ឋយល់ ហើយគ្រាន់តែខ្ញុំថា “អរគុណប្អូនស្រីដែលពន្យល់ឱ្យពលរដ្ឋថាស្តាប់” សម្តេចតេជោក៏ចេញ ស្រាប់តែមានអ្នកជេរគ្នាថា “លក់ក្បាលឱ្យហ៊ុន ម៉ាណែត”ទៀត»។
សម្តេចបានបន្ថែមថា ក្រុមប្រឆាំងជ្រុលនិយមឱ្យតែនរណានិយាយត្រង់តែបន្តិច អំពីសកម្មភាពវិជ្ជមានរបស់រាជរដ្ឋាភិបាល បែរជាចោទថា «ទ្រពង ទ្រជើង លក់ក្បាល»។
សម្តេចក៏សម្តែងការហួសចិត្តផងដែរ ដែលមានការលើកឡើងថា អ្នកដែលទៅបាតុកម្មប្រឆាំងសម្តេចសុទ្ធសឹងតែជាអ្នកស្នេហាជាតិ ប៉ុន្តែចោទអ្នកដែលទៅគាំទ្រសម្តេច ដែលជាពលរដ្ឋខ្មែរមកពីប្រទេសកាណាដា និងបណ្តា
រដ្ឋនៅអាមេរិក នៅអង្គការសហប្រជាជាតិថាជាអ្នកលក់ក្បាលទៅវិញ។ សម្តេចបានចោទសួរថា តើនេះឬជាការឱ្យតម្លៃប្រជាពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា ក្នុងពេលទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក សម្តេចធិបតីក៏បានជួបអ្នកធ្វើធុរកិច្ចរបស់អាមេរិកចំនួន ៥៨ក្រុមហ៊ុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលខាងមុខនឹងមានក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីការវិនិយោគនៅកម្ពុជា៕