មណ្ឌលកម្សាន្តខ្សែរ៉កខេត្តកែប ជាទីពេញនិយម សម្រាប់ទេសចរ ទៅលម្ហែ
កែប ៖ កញ្ញា ស្រី គា ភ្ញៀវមកពីខេត្តតាកែវ បានរៀបរាប់ថា នាងធ្លាប់មកលេងខេត្តកែប ជាញឹកញយ តែមិនជិនណាយទេ ព្រោះខេត្តនេះ មានការអភិវឌ្ឍ និងសម្បូរកន្លែង ទេសចរណ៍ប្លែកៗ ។ ជាក់ស្តែង មណ្ឌលកម្សាន្តខ្សែរ៉ក ពិតជាមានភាពទាក់ទាញខ្លាំង ពិសេសសម្រាប់អ្នកចូលចិត្ត ថតរូបអនុស្សាវរីយ៍។
មណ្ឌលកម្សាន្តខ្សែរ៉ក ជាផលិតផលទេសចរណ៍ថ្មីមួយ ដែលពោរពេញដោយភាពទាក់ទាញ របស់ខេត្តកែប មានទីតាំងនៅលើចង្កេះភ្នំ ទល់មុខឆ្នេរខ្សាច់ រូបសំណាកស្រី ស ។ ទីនេះ ភ្ញៀវអាចមើលឃើញសមុទ្រ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ប្រកបដោយផាសុកភាព មានដើមឈើធំៗ រំលេចទេសភាពពណ៌បៃតង យ៉ាងស្រស់ត្រកាល។ កន្លែងកម្សាន្តមានភាពអនាម័យ ពិសេសអាចជិះខ្សែរ៉ក លេងកម្សាន្ត ថែមទៀតផង។
លោក វាសនា ទេសចរ មកពីខេត្តសៀមរាប បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា នេះជាលើកដំបូង ក្នុងជីវិត ដែលលោកបានជិះខ្សែរ៉ក។ សកម្មភាពទាំងឡាយ បានធ្វើឱ្យ លោករំភើបរីករាយ និងមានអាម្មណ៍ប្លែក ខុសពីដំណើរកម្សាន្ត ទៅតំបន់នានា។
លោក បុត្រ អ្នកមើលថែភ្ញៀវជិះខ្សែរ៉ក បានប្រាប់ឱ្យដឹងថា សេវាកម្មជិះខ្សែរ៉ក ជាផ្នែកសំខាន់ សម្រាប់ទាក់ទាញទេសចរ ឱ្យមកកម្សាន្តខេត្តកែប។ ក្រោយពីបានបើក អស់រយៈពេលជាង ១ខែ កន្លងមកនេះ មណ្ឌលកម្សាន្តខ្សែរ៉ក មានភ្ញៀវមកលម្ហែ កើនឡើងជារៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងសប្តាហ៍ ។
សូមញ្ជាក់ថា ខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ នាដើមខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”។ ទីតាំងប្រារព្ធពិធី និងសម្រាប់លេងកម្សាន្ត រួមមាន នៅលើឆ្នេរ ២.៧០០ ម៉ែត្រ ក្បែរផ្សារក្តាម ឆ្នេរខ្សាច់រូបសំណាកស្រី ស និងបរិវេណខាងមុខ សាលាខេត្ត៕